សម្តេចតេជោអបអរការដាក់បញ្ចូលក្បាច់គុនល្បុក្កតោខ្មែរក្នុងបញ្ជីបេតិកភណ្ឌជាតិ (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអបអរសាទរចំពោះការដាក់បញ្ចូលក្បាច់ «គុនល្បុក្កតោ» របស់កម្ពុជា ក្នុងចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ។
ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុននៃអត្តសញ្ញាណជាតិរបស់កម្ពុជា។ អង្គការយូណេស្កូ កាលពីវេលាយប់ថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២២ បានសម្រេចដាក់ក្បាច់«គុនល្បុក្កតោ» របស់កម្ពុជានេះ ចុះបញ្ជីបេតិកភ័ណ្ឌ សម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ ក្នុងកិច្ចប្រជុំមួយប្រព្រឹត្តទៅនៅទីក្រុងរ៉ាបាតនៃប្រទេសម៉ារុក។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរទាំងយប់នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ សម្តែងក្តីត្រេកអរចំពោះការដាក់បញ្ចូលក្បាច់គុនល្បុក្កតោនៃអត្តសញ្ញាណជាតិខ្មែរនោះ។ ក្នុងសារលិខិតមួយថ្ងៃនេះ ជូនចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស សម្តេចបានសរសេរថា «នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀតនាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលសម្រាប់ ប្រជាជនយើងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងពិភពលោកផងដែរ។
ការចុះបញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបាន ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិ ជំនាន់ក្រោយតរៀងទៅ»។
ការដាក់បញ្ចូលក្បាច់គុនល្បុក្កតោនេះ បាននាំឱ្យសម្បត្តិបេតិកភណ្ឌខ្មែរចំនួន៩ហើយ ដែលត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះរួមមានចាប៉ីដងវែង, របាំព្រះរាជទ្រព្យ, ប្រាសាទព្រះវិហារ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ប្រាសាទសំបូរព្រៃគុកជា និងល្ខោនខោលវត្តស្វាយអណ្ដែត។