ក្រសួងការងារ និងអយ្យការតុលាការបំភ្លឺជុំវិញការចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ (Video Inside)
ប្រតិកម្មជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំសហជីពឈ្មោះ ឈឹម ស៊ីថរ បានប្រញាប់ឱ្យអង្គភាព និងស្ថាប័ននានាជាប់ពាក់ព័ន្ធបានធ្វើការបំភ្លឺតបមកវិញ។
នាង ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២ មួយថ្ងៃបន្ទាប់ពីនាងបានវិលត្រឡប់មក ពីប្រទេសអូស្ត្រាលី។ ការផ្សាយរបស់ក្រុមប្រឆាំង បានចោទថាជាការចាប់ខ្លួនដោយបំពានខុសច្បាប់ ប៉ុន្តែអង្គភាពនគរបាល, ស្ថាប័នតុលាការ និងក្រសួងការងារ បានបញ្ជាក់មកវិញថា ជាការអនុវត្តច្បាប់របស់កម្ពុជា ដោយសារតែនាង ឈឹម ស៊ីថរ បានបំពាននឹងបំរាមរបស់តុលាការ។
ក្រសួងការងារនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយបំភ្លឺជុំវិញ បញ្ហានេះថា ការចាប់ខ្លួន ឈ្មោះស៊ីថរជាថ្មីសាឡើងវិញនេះ មិនជាប់ពាក់ព័ន្ធនឹងការដោះ ស្រាយវិវាទការងារនោះទេ។ ក្រសួងការងារបញ្ជាក់ថាការចាប់ខ្លួននេះ ពាក់ព័ន្ធនឹង «អំពើបំពានកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ»។
នាង ឈឹម ស៊ីថរ ដែលជាមេដឹកនាំកម្មករធ្វើបាតុកម្មខុសច្បាប់នៅកាស៊ីណូណាហ្គា ត្រូវបានតុលាការចាប់ខ្លួនកាលពីខែមករាឆ្នាំ ២០២២ ប៉ុន្តែក្រោយជាប់ឃុំរយៈពេលប្រមាណ២ខែ ក៏ត្រូវបានដោះលែងក្នុងស្ថានភាពឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន និងមិនអនុញ្ញាតឱ្យធ្វើដំណើរ ចាកចេញទៅក្រៅប្រទេសឡើយ។
ប៉ុន្តែឈ្មោះ ឈឹម ស៊ីថរ ត្រូវគេរាយការណ៍ថានាងបានធ្វើ ដំណើរទៅប្រទេសអូស្ត្រាលី, និងពេលវិលត្រឡប់មកវិញបានមួយថ្ងៃ ក៏ត្រូវបានអាជ្ញាធរចាប់ ខ្លួននៅថ្ងៃទី២៦វិច្ឆិកា។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩វិច្ឆិកាឆ្នាំ ២០២២ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនបញ្ជាក់ថាការចាប់ខ្លួននាង ឈឹម ស៊ីថរ គឺដោយសារ «ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ»។