កម្ពុជាស្នើអង់គ្លេសជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងទ័ព (Video Inside)
កម្ពុជាបានស្នើអង់គ្លេសលើការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ដែលការស្នើនេះ បានធ្វើនៅក្នុងជំនួបមួយរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាមួយនឹងមន្ត្រីអនុព័ន្ធយោធាអង់គ្លេសប្រចាំប្រទេសកម្ពុជា។
លោកវរសេនីយ៍ឯកចេមី មូរ៉េ JAMIE MURRAY ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសិង្ហបុរី ត្រូវបានទទួលជួបពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ ដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើឱ្យប្រទេសអង់គ្លេសបង្កើតនិវេសនដ្ឋានយោធារបស់ខ្លួន។
នៅក្នុងជំនួបនោះលោកវរសេនីយ៍ឯក ចេមី មូរ៉េ JAMIE MURRAY បានសន្យាថានឹងនាំយកសំណូមពររបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកម្ពុជា ទៅជម្រាបជូនដល់ក្រុមការងារនៅចក្រភពអង់គ្លេស ។
កិច្ចពិភាក្សាបានផ្តោតលើការរួមចំណែកយ៉ាងសកម្មរបស់កងយោធពលខេមរភូមិន្ទចូលរួម ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដោយមន្ត្រីអនុព័ន្ធយោធាអង់គ្លេសបានសម្តែងក្តីអបអរសាទរ ចំពោះការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានការចូលរួមយ៉ាង សកម្មពីកងយោធពលខេមរភូមិន្ទផងដែរនោះ។
លោកវរសេនីយ៍ឯកអនុព័ន្ធយោធាអង់គ្លេសបានលើកឡើងការទទួលនិស្សិតយោធាកម្ពុជាម្នាក់ ទៅសិក្សានៅចក្រភពអង់គ្លេស និងបច្ចុប្បន្នកំពុងបន្តជួយបណ្ដុះបណ្ដាលឆ្មាំសមុទ្រ និងនិស្សិតដែលត្រៀមទៅសិក្សានៅប្រទេសព្រុយណេ។ មន្ត្រីអនុព័ន្ធយោធាអង់គ្លេស នៅបានជម្រាបនាយឧត្តមសេនីយ៍ វង្ស ពិសេន ទៀតថា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នឹងមាននាវារបស់ចក្រភពអង់គ្លេសមួយគ្រឿង បន្ទាប់ពីមានការអនុញ្ញាតរាជរដ្ឋាភិបាលរួចមក ហើយនេះ នឹងគ្រោងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។
កិច្ចពិភាក្សានៅបានផ្លាស់ប្តូរទស្សនៈរវាងគ្នាលើសភាពការណ៍ក្នុងតំបន់និងអន្តរជាតិថែមទៀត ដែលជាផលប្រយោជន៍រួម។