សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្រ្កាបចោរឆក់ប្រុសស្រី៧នាក់ជាបន្តបន្ទាប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ និងបក្ខពួកប្រុសស្រី៦នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្រ្តីម្នាក់បានសម្រេច រត់មកសម្ងំលាក់នៅក្នុងផ្ទះជួល កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១)ឈ្មោះ សំ រ៉ាដូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទី២)ឈ្មោះទិត្យ វិសា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣)យ៉េន ដនពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទី៤)មានឈ្មោះវ៉ាត ចាន់ចិថី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៥)សាន វិច្ឆិការ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិត្រពាំងថ្កឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យជាអ្នកឆក់ និងនារីជាសង្សារម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមសម្តីនារីជាជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាស្រីៗបីនាក់ជិះម៉ូតូឌុបគ្នាម៉ាកzoomer-x ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GL-0526 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិច មកចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកXR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CM-4957 ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីរូបគាត់កំពុងនិយាយបានសម្រេច រួចជិះគេចខ្លួនបាត់។ ភ្លាមៗនោះរូបនាងទំនាក់ទំនងទៅមិត្តភក្តិជួយទំនាក់ទំនងទៅសមត្ថកិច្ចផង បន្ទាប់មកមិត្តភក្តិបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ភ្លាមៗនោះលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌសែនជ័យ បានកំណត់មុខសញ្ញាជនសង្ស័យ និងស្រាវជ្រាវបានប្រពន្ធ័ទូរសព្ទជនរងគ្រោះ បានបញ្ជាកម្លាំងឲ្យចុះមកទីតាំងកន្លែងជនសង្ស័យសម្ងំលាក់ខ្លួនភ្លាមៗ និងឲ្យជនរងគ្រោះចង្អុលបង្ហាញទីតាំងជនសង្ស័យលាក់ខ្លួន។ ក្រោយពីបានជនរងគ្រោះបង្ហាញរួចហើយកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានសកម្មភាពឆក់បានភ្លាមៗ និងបន្តទៅចាប់បក្ខពួកប្រុសស្រី៦នាក់ទៀត និងបន្តទៅ ឆែកឆេកន្លែងជនសង្ស័យស្នាក់នៅ ដកហូតបានសម្ភារដូចជាកាបូបលុយមួយចំនួន រួមនឹងម៉ូតូចំនួន៤គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៧នាក់ រួមនឹងវត្ថុតាងត្រូវបានកម្កាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំបន្តនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការនៅតាមនីតិវី៕ម.ន