កម្លាំងមួកខៀវកម្ពុជាបីនាក់រងរបួសនៅប្រទេសម៉ាលី

កម្លាំងរក្សាសន្តិភាពកម្ពុជា៣រូបដែលបំពេញបេសកកម្មមីនូសម៉ា MINUSMA ក្នុងប្រទេសម៉ាលី បានរងរបួសក្នុងហេតុការណ៍ដែលមានការដាក់បំផ្ទុះគ្រាប់មីននៅតាមថ្នល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាពិតជាមានកងកម្លាំងមួកខៀវបីនាក់បានរងរបួសពិតមែន ក្នុងប្រសាសន៍ថ្លែងក្នុងពិធីសម្ពោធមួយនៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២២។

ប្រភពពីកងរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំក្នុងប្រទេសម៉ាលី បានបញ្ជាក់ថា ហេតុការណ៍ដែលបានធ្វើឱ្យកងកម្លាំងរក្សាសន្តិភាព៣នាក់រងរបួសនោះ បានកើតឡើងកាលពីថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ២០២២ ខណៈដែលរថយន្តរបស់ពួកគេកំពុងធ្វើដំណើរចេញទៅកាន់ក្រុង ទីមបុកតូ Timbukto ដែលជាតំបន់រដ្ឋបាលមួយក្នុងចំណោមតំបន់រដ្ឋបាលទាំង៨របស់ប្រទេសម៉ាលី។

មន្ត្រីនាំពាក្យបេសកម្ម មីនូសម៉ា MINUSMA បានថ្លែងថាក្នុងចំណោមអ្នកទាំង៣ ម្នាក់បានរងរបួសធ្ងន់ធ្ងរជាងគេ។ មីនដែលបានដាក់បង្កៃនោះ ត្រូវគេសង្ស័យថាជាអំពើរបស់ក្រុមភេរវកម្ម ជីហាត Jihad ។

ប្រភពពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជាបានបញ្ជាក់ថា កម្លាំងរក្សា សន្តិភាព៣រូប ដែលបានរងរបួសដោយរថយន្តយោធាបានបើកជាន់ផ្ទុះគ្រាប់មីននោះ គឺ ព្រិន្ទបាលត្រី ពេញ រស្មី ដែលបើកបរហើយរងរបួសធ្ងន់, ព្រិន្ទបាលត្រី ម៉ី គឹមថុង បុគ្គលិកពេទ្យ ដែលរបួសស្រាលប៉ះក្បាល និងព្រិន្ទបាលត្រី ម៉ែន ថារ៉ា ដែលថ្លោះចង្កេះ។ អ្នកទាំងបីកំពុង ទទួលបានការសង្គ្រោះជួយព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសនីហ្សេរីយ៉ាដែលជាប់ នឹងព្រំដែនប្រទេសម៉ាលី។

ads banner