ក្នុងខែសីហាឆ្នាំ២០១៩នេះ អត្រាលក់រថយន្តជប៉ុននៅកូរ៉េខាងត្បូងធ្លាក់ចុះ៥៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់សមាគមអ្នកនាំចូល និងចែកចាយយានយន្តរបស់កូរ៉េខាងត្បូង KAIDA បានឱ្យដឹងថា ចំនួនរថយន្តជប៉ុនដែលលក់ដាច់នៅកូរ៉េខាងត្បូង កាលពីអំឡុងខែសីហាឆ្នាំនេះ មានចំនួនត្រឹម១,៣៩៨គ្រឿង ធ្លាក់ចុះក្នុងអត្រា៥៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន៣,២៤៧គ្រឿង។

អត្រានៃការលក់រថយន្តដែលជាម៉ូដែលរបស់ជប៉ុន បានធ្លាក់ចុះគិតចាប់តាំងពីខែកក្កដា ឆ្នំា២០១៩មកនេះ នៅពេលយុទ្ធនាការពហិកាផលិតផលជប៉ុនបានចាប់ផ្តើមនៅកូរ៉េខាងត្បូង។ យុទ្ធនាការនេះបានចាប់ផ្តើមឡើងនៅពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូ បានរឹតបន្តឹងការនាំចេញផលិតផល ដែលជាវត្ថុធាតុដើមផ្នែកបច្ចេកវិទ្យាដ៏សំខាន់មកកាន់កូរ៉េខាងត្បូង។

សូមបញ្ជាក់ផងដែរថា ប្រទេសជប៉ុនកាលពីខែសីហាកន្លងមកនេះ បានដកកូរ៉េខាងត្បូងជាផ្លូវការចេញពីបញ្ជីអនុគ្រោះការធ្វើពាណិជ្ជកម្មរបស់ខ្លួនថែមទៀត ខណៈប្រទេសកូរ៉េខាងត្បូង បានដាក់ចេញចំណាត់ការឆ្លើយតបវិញដូចគ្នាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner