មេដឹកនាំឥណ្ឌូនេស៊ី ប្រាប់ឲ្យរដ្ឋមន្ត្រីស្រូបទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានអំពាវនាវឱ្យសមាជិកគណរដ្ឋមន្ត្រីរបស់លោក បម្រើអ្នកវិនិយោគបរទេសឱ្យបានល្អឡើង បន្ទាប់ពីមានការស្រាវជ្រាវដោយធនាគារពិភពលោកបង្ហាញថា ក្រុមហ៊ុនចិនជ្រើសយកការរើទីតាំងផលិតកម្មរបស់ខ្លួនទៅភាគអាស៊ីអាគ្នេយ៍ បានជៀសពីឥណ្ឌូនេស៊ី ដោយសំដៅទៅវៀតណាម ម៉ាឡេស៊ី ថៃ និងកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ លោក វីដូដូ បានគូសបញ្ជាក់ថា ឥណ្ឌូនេស៊ីមានការយឺតយ៉ាវក្នុងការទាញផលពីឱកាសដែលកំពុងតែកើតមាន ពីការអូសបន្លាយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន។ លោកបន្តថា ធនាគារពិភពលោកបានប្រាប់យើងពីរខែមុនមកហើយ មានក្រុមហ៊ុនចិន៣៣ ដែលនឹងត្រូវចេញពីទីផ្សារ និង២៣បានរើសយកវៀតណាម ខណៈ១០ទៀតទៅម៉ាឡេស៊ី ថៃ និងកម្ពុជា គ្មានមួយណាមកឥណ្ឌូនេស៊ីសោះ។

នាឱកាសនោះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ បានបន្តដាស់តឿនឲ្យយកចិត្តទុកដាក់ ដោយត្រូវតែដឹងថា ឥណ្ឌូនេស៊ីមានបញ្ហាដែលត្រូវដោះស្រាយ និងសូមឲ្យគ្រប់រដ្ឋមន្ត្រីផ្តល់សេវាអ្នកវិនិយោគអមដំណើរពួកគេ រហូតពួកគេធ្វើបានសម្រេច ហើយថា កុំធ្វើខ្លួនជាពួកការិយាល័យអធិបតេយ្យ ដែលត្រូវឲ្យគេបម្រើនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner