ការវាយប្រហារលើហេដ្ឋារចនាថាមពលអ៊ុយក្រែនរបស់រុស្ស៊ីបន្ថែមសំណួរជុំវិញការអូសបន្លាយនៃសង្រ្គាម
ការវាយប្រហារជាញឹកញាប់ និងទ្រង់ទ្រាយធំពីសំណាក់កងទ័ពរុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ជាពិសេសបណ្ដាញថាមពល បានធ្វើឱ្យប្រជាជនស៊ីវិលរាប់លាននាក់រស់នៅដោយគ្មានភ្លើងដើម្បីកំដៅ និងបំភ្លឺ និងទឹកប្រើប្រាស់ ខណៈរដូវរងាក៏ឈានចូលមកដល់ ហើយសីតុណ្ហភាពចាប់ផ្ដើមធ្លាក់ចុះក្រោមសូន្យ។
រូបភាពបែបនេះ ត្រូវបានអ្នកនយោបាយ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងបស្ចិមលោក បានពិពណ៌នាថា រុស្ស៊ីកំពុងបង្កស្ថានភាពសង្រ្គាមដ៏វេទនា និងធំបំផុតមួយ ដែលជនស៊ីវិលអឺរ៉ុបមិនធ្លាប់ជួបប្រទះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពិតណាស់ សកម្មភាពយោធារបស់រុស្ស៊ី ត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន ថ្កោលទោសថាជាឧក្រិដ្ឋកម្មសង្រ្គាម ហើយថាក្រុងមូស្គូកំពុងព្យាយាមយករដូវរងាធ្វើជាអាវុធក្នុងជម្លោះ ដែលខ្លួនចាញ់ប្រៀបចាប់តាំងពីដើមខែកញ្ញា ពោលគឺបន្ទាប់ពីក្រុងកៀវចាប់ផ្ដើមប្រតិបត្តិការវាយបក។
ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ ដែលរុស្ស៊ីប្រើជាយុទ្ធសាស្រ្តថ្មី និងអនុវត្តយ៉ាងញឹកញាប់ចាប់តាំងពីខែតុលារហូតមកទល់ពេលនេះ បានបង្ហាញពីការពួតដៃគ្នាកាន់តែខ្លាំងរបស់លោកខាងលិចក្នុងការបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន និងបន្ថែមចម្ងល់ជុំវិញរយៈពេលដែលសង្រ្គាមនឹងបន្តអូសបន្លាយរ៉ាំរ៉ៃ បើទោះបីជាអ្នកវិភាគមួយចំនួនលើកឡើងថា វាជាយុទ្ធសាស្រ្តរបស់ក្រុងមូស្គូ ក្នុងការដាក់សម្ពាធឱ្យក្រុងកៀវចរចាក្ដី។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សុលហ្ស៍ កាលពីថ្ងៃសុក្រទី ០២ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា ការវាយប្រហាររបស់ទីក្រុងមូស្គូលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនគឺមិនអាចជៀសរួច ដើម្បីជាការឆ្លើយតបទៅនឹងការបង្កហេតុរបស់ក្រុងកៀវ ដោយលោកសំដៅលើ ការបំផ្ទុះស្ពានឆ្លងទៅឧបទ្វីបគ្រីមៀកាលពីខែតុលា។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ AFP ។
មកទល់ពេលនេះ សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានអូសបន្លាយអស់រយៈពេលជិត១០ខែមកហើយ។ ហើយបើយោងតាមទិន្នន័យផ្លូវការពីអង្គការសហប្រជាជាតិគិតត្រឹមចុងខែវិច្ឆិកា សង្រ្គាមនេះបានសម្លាប់ជីវិតជនស៊ីវិលប្រមាណជាជាង ៦ ៦០០ នាក់ ដែលក្នុងនោះមនុស្សមានក្មេងៗជាង ៤០០ នាក់។
មិនថាយ៉ាងណាក៏ដោយ រុស្ស៊ី តែងតែទទូចបង្ហាញពីភាពស្អាតស្អំដដែលៗថា រាល់ប្រតិបត្តិការយោធារបស់ខ្លួនធ្វើឡើងដោយមិនកំណត់គោលដៅលើជនស៊ីវិលនោះទេ ហើយក៏បានអះអាងផងដែរថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនរបស់កងទ័ពរុស្ស៊ី ធ្វើឡើងទៅលើតែប្រព័ន្ធបញ្ជាការយោធាអ៊ុយក្រែន និងកន្លែងថាមពលពាក់ព័ន្ធប៉ុណ្ណេះ។
ជាថ្មីម្ដងទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី ០១ ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា រលកនៃការផ្លោងមីស៊ីលរាប់រយគ្រាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ធ្វើឡើងក្នុងបំណងបង្អង់ការដឹកជញ្ជូនការផ្គត់ផ្គង់សព្វាវុធពីលោកខាងលិចឱ្យក្រុងកៀវ។ លោក Lavrov គូសបញ្ជាក់ជាថ្មីថា៖ «ប្រតិបត្តិការយោធារបស់យើង អនុវត្តតាំងពីដើមដំបូងក្នុងយុទ្ធសាស្រ្តមួយ ដែលកាត់បន្ថយផលវិបាកអវិជ្ជមានណាមួយសម្រាប់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
ប៉ុន្តែការអះអាងនេះ ផ្ទុយគ្នាយ៉ាងឆ្ងាយពីអ្វីដែលអ៊ុយក្រែនកំពុងជួបប្រទះ ជាពិសេសគឺកង្វះអគ្គីសនីប្រើប្រាស់សម្រាប់មនុស្សរាប់លាននាក់។ បើតាមលោកប្រធានាធិបតី វ្ល៉ូឌីមៀរ ហ្សេលេនស្កី ការវាយប្រហាររបស់រុស្ស៊ីនៅក្នុងខែវិច្ឆិកាកន្លងទៅ បានកាត់ផ្ដាច់បណ្ដាញថាមពលរបស់អ៊ុយក្រែនប្រហែលពាក់កណ្ដាល និងធ្វើឱ្យប្រជាជនជាង ១០ លាននាក់គ្មានភ្លើងប្រើប្រាស់។ ហើយខណៈដែលរដូវរងាកាន់តែត្រជាក់ខ្លាំងទៅៗ លោក ហ្សេលេនស្គី បានអះអាងនៅយប់ថ្ងៃព្រហស្បតិ៍ថា ប្រជាជនអ៊ុយក្រែនជាង ៦ លាននាក់ នៅតែប្រឈមនឹងបញ្ហានេះនៅឡើយ ហើយបន្ថែមថា៖ «សត្រូវបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិល»។
ជុំវិញបញ្ហានេះ អ្នកជំនាញ និងរដ្ឋាភិបាលលោកខាងលិចផ្សេងៗ បានបង្ហាញទស្សនៈថា ការវាយប្រហាររបស់រុស្ស៊ីដែលធ្វើឱ្យប្រជាជនស៊ីវិលរាប់លាននាក់គ្មានភ្លើងប្រើប្រាស់ក្នុងរដូវរងានាពេលនេះ គឺជាយុទ្ធសាស្រ្តបំបាក់ស្មារតី និងបំភ័យប្រជាជនអ៊ុយក្រែន។
ចក្រភពអង់គ្លេសបានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារទំនងជាជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលរុស្ស៊ីប្រើនៅក្នុងជម្លោះពីមុនៗ ដើម្បីបំបាក់ស្មារតីប្រជាជន ហើយបង្ខំឱ្យមេដឹកនាំប្រទេសទាល់ច្រក។ ប៉ុន្តែដោយសារតែរុស្ស៊ីមិនបានប្រើយុទ្ធសាស្ត្រនេះពីដំណាក់កាលដំបូងនៃសង្គ្រាម វាក៏មិនសូវមានប្រសិទ្ធិភាព ដោយសារអ៊ុយក្រែន ដែលបន្តទទួលជំនួយសព្វាវុធ មនុស្សធម៌ និងការទូតពីលោកខាងលិច នៅតែតាំងចិត្តបន្តប្រយុទ្ធ។
អតីតមន្ត្រីតម្រង់ទិសទ័ពអាកាសអាមេរិក និងជាសាស្ត្រាចារ្យកិត្តិយសនៅមហាវិទ្យាល័យ Naval War College របស់សហរដ្ឋអាមេរិក លោក Michael Schmitt បានបង្ហាញការយល់ស្របយ៉ាងដូច្នេះប្រាប់បណ្ដាញព័ត៌មាន BBC ថា៖ «ជាប្រវត្តិសាស្ត្រ គ្មានហេតុផលណាដែលគួរឱ្យជឿថា ស្មារតីអ៊ុយក្រែននឹងខូចនោះទេ [លោកពូទីន] កំពុងពង្រឹងការតាំងចិត្តប្រឆាំងនឹងរុស្ស៊ី(របស់អ៊ុយក្រែន) ដើម្បីបន្តការប្រយុទ្ធ។ នេះជាការគណនាយុទ្ធសាស្ត្រខុស»។
យ៉ាងណាមិញ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បានធ្វើឱ្យវិបត្តិមនុស្សធម៌ទាំងក្នុង និងក្រៅស្រុកកាន់តែធ្ងន់ធ្ងរទៅៗ ហើយអ្វីដែលមន្រ្តីក្រុងកៀវអំពាវនាវនៅពេលនេះ គឺជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន មិនថាសព្វាវុធទំនើបៗ ឬតម្រូវការផ្សេងៗទៀតដូចជាម៉ាស៊ីនភ្លើងជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ៊ុយក្រែនថែមទាំងប្រមានពីការបន្តវាយប្រហាររបស់រុស្ស៊ី ដែលនឹងធ្វើឱ្យកង្វះភ្លើងរបស់អ៊ុយក្រែនបន្តអូសបន្លាយរយៈពេលយូរ ទោះបីជាអ្នកបច្ចេកទេសខំប្រឹងតបណ្ដាញភ្លើងមកវិញតាមលទ្ធភាពក៏ដោយ។
កាលពីពាក់កណ្ដាលខែវិច្ឆិកា វិមានក្រឹមឡាំងបានលើកឡើងថា មូលហេតុដែលជនស៊ីវិលអ៊ុយក្រែនត្រូវប្រឈមមុខនឹងការដាច់ភ្លើង គឺដោយសារតែប្រទេសនេះបដិសេធក្នុងការចរចាជាមួយរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានថ្លែងយ៉ាងដូច្នេះថា៖ «ការគ្មានឆន្ទៈរបស់ភាគីអ៊ុយក្រែនក្នុងការដោះស្រាយបញ្ហា ឬចាប់ផ្តើមការចរចា និងការបដិសេធចំពោះការស្វែងរកដំណោះស្រាយរួម បង្កជាផលវិបាកនេះ (ការដាច់ភ្លើង) ដល់ពួកគេ»។
ការលើកឡើងនេះ ហាក់ជារុស្ស៊ីចង់បង្ហើបថា ខ្លួនចង់ឱ្យអ៊ុយក្រែនចូលតុចរចាបញ្ចប់ជម្លោះ ប៉ុន្តែវាពិបាកនឹងទៅរួចព្រោះភាគីទាំង២មានលក្ខខណ្ឌរៀងៗខ្លួន ដែលគេមើលឃើញថាមានលក្ខណៈផ្ទុយគ្នាស្រឡះ។ ជាថ្មីម្ដងទៀតកាលពីថ្ងៃសុក្រ វិមានក្រឹមឡាំងបានចង្អុលបង្ហាញថា ខ្លួនមិនមានចំណាប់អារម្មណ៍សម្រាប់កិច្ចពិភាក្សាអំពីអ៊ុយក្រែននោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើកឡើងថា លោកសុខចិត្តអង្គុយជាមួយលោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៊ីរូបនេះចង់បញ្ចប់ការប្រយុទ្ធក្នុងនៅអ៊ុយក្រែន។
ប្រតិកម្មទៅលោក បៃដិន លោក ប៉េស្កូវ នៃវិមានក្រឹមឡាំងបាននិយាយប្រាប់អ្នកយកព័ត៌មានថា៖ «លោក(បៃដិន)បាននិយាយថា ការចរចាអាចធ្វើទៅបានលុះត្រាតែលោក ពូទីន ដកខ្លួនចេញពីអ៊ុយក្រែន។ ប្រតិបត្តិការយោធាពិសេសនៅតែបន្ត» ព្រោះក្រុងមូស្គូមិនអាចទទួលយកលក្ខខណ្ឌនេះបានទេ»។
គួរបញ្ជាក់ថា ក្នុងជំនួបជាមួយសមភាគីបារាំងលោកប្រធានាធិបតី អេម៉ាណូអែល ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានលើកឡើងថា រុស្ស៊ីត្រូវតែចេញពីអ៊ុយក្រែន។ ការទាមទារឱ្យកងទ័ពរុស្ស៊ីត្រូវដកចេញពីអ៊ុយក្រែនទាំងអស់នេះ គឺជាជំហរដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងកៀវក្នុងការបន្តប្រយុទ្ធ ដែលមេដឹកនាំនៃសម្ព័ន្ធមិត្តបស្ចិមលោកតែងតែលើកទៅនិយាយ នៅពេលចោទសួរពីដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ។
បន្ថែមពីការបញ្ជាក់ជាថ្មីពីជំហរថ្កោលទោសរុស្ស៊ីចំពោះការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលអ៊ុយក្រែន លោក ម៉ាក្រុង ថ្លែងនៅពេលឈរធ្វើសន្និសីទកាសែតជាមួយលោក បៃដិន ថា នៅពេលអ៊ុយក្រែនកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរួច លោកសុខចិត្តទៅនិយាយជាមួយលោកពូទីនជាថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុង គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចរចានឹងអាចធ្វើទៅបាន និងទទួលបានជោគជ័យ លុះត្រាតែអធិបតេយ្យភាពរបស់អ៊ុយក្រែនត្រូវបានគោរព ទឹកដីអ៊ុយក្រែនត្រូវបានរំដោះ ហើយមានការការពារសន្តិសុខ»។ លោកបន្ថែមថា៖ «យើងនឹងមិនជំរុញឱ្យអ៊ុយក្រែនធ្វើការសម្រុះសម្រួល ដែលមិនអាចទទួលយកបានសម្រាប់ពួកគេនោះទេ។ យើងត្រូវតែគោរពប្រជាជនអ៊ុយក្រែនក្នុងការសម្រេចចិត្តលើពេលវេលា និងលក្ខខណ្ឌ ដែលពួកគេនឹងចរចាអំពីទឹកដី និងអនាគតរបស់ពួកគេ»។
មិនត្រឹមតែប៉ុណ្ណេះ មេដឹកនាំបារាំង ដែលស្និទ្ធនឹងរុស្ស៊ីផ្នែកការទូតជាងគេក្នុងចំណោមមហាអំណាចបស្ចិមលោកទាំងអស់ ដដែលបានបន្តថា៖ «យើងនឹងបន្ថែមការគាំទ្ររបស់យើង» មិនថាផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងយោធា។
គួរបញ្ជាក់ថា ជំនួយយោធាគឺជាចំណុចចម្រូងចម្រាស់គ្នាដ៏ធំរវាងលោកខាងលិច និងរុស្ស៊ី ជុំវិញការអូសបន្លាយនៃសង្រ្គាម។ ប៉ុន្តែការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន បានបង្ហាញពីការសាមគ្គីគ្នាកាន់តែខ្លាំងក្នុងប្លុកណាតូ លើជំនួយដើម្បីឱ្យក្រុងកៀវ «ការពារ និងរំដោះខ្លួន» ប្រឆាំងនឹងរុស្ស៊ី។ គួរបញ្ជាក់ថា រាប់តាំងពីរុស្ស៊ីចាប់ផ្ដើមឈ្លានពាននៅចុងខែកុម្ភមក លោកខាងលិចបានធ្វើការផ្ដល់ចំនួនយោធាយ៉ាងមហាសាល ដែលរួមទាំងសព្វាវុធធុនធ្ងន់ ស្រាល និងទំនើប និងការបង្វឹកបង្វាត់កងទ័ពអ៊ុយក្រែនជាដើម។
ថ្មីៗនេះ រដ្ឋបាលលោក បៃដិន កំពុងពិចារណាលើការពង្រីកឱ្យកាន់តែធំលើការបណ្តុះបណ្តាលយោធាដល់កងកម្លាំងអ៊ុយក្រែន រួមទាំងការបង្ហាត់ទាហានឱ្យបានរហូតដល់ ២ ៥០០ នាក់ក្នុងមួយខែ នៅប្រទេសអាល្លឺម៉ង់។ តាមការរាយការណ៍របស់បណ្ដាញព័ត៌មាន CNN កាលពីថ្ងៃពុធ។ ហើយក៏មានសេចក្ដីរាយការណ៍ផ្សេងផងដែរថា ក្រុងវ៉ាស៊ីនតោនកំពុងផ្ដោតលើការផ្ដល់ប្រព័ន្ធការពារអាកាសដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារអាកាសទំនើបរយៈចម្ងាយមធ្យម Patriot បន្ថែមពីលើជំនួយសព្វាវុធ និងមនុស្សធម៌ផ្សេងៗទៀត។ បន្ថែមពីនេះ លោក បៃដិន ក៏បានស្នើផងដែរ ឱ្យសភាអាមេរិកផ្តល់ប្រាក់ចំនួន ៣៧ ប៊ីលានដុល្លារ សម្រាប់ជំនួយបន្ទាន់បន្ថែមដល់អ៊ុយក្រែន បន្ថែមពីលើកញ្ចប់ជំនួយដែលផ្ដល់រួចទាំងអស់សរុបជាទឹកប្រាក់ជិត ២០ ប៊ីលានដុល្លារ រាប់តាំងពីការឈ្លានពានចាប់ផ្ដើម។
ប៉ុន្តែខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែនរងការប្រហារពីរុស្ស៊ីយ៉ាងដំណំនោះ ការបន្តចំណាយរបស់លោកខាងលិចសម្រាប់អ៊ុយក្រែនក៏កាន់តែកើនឡើង ហើយការគាំទ្របែបនេះអាចនឹងមានការចោទសួរពីបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសនីមួយៗជាពិសេសស្របពេលដែលពួកគេប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច។
យ៉ាងណាមិញ ប្រសិទ្ធិភាពនៃយុទ្ធសាស្រ្តនៃការវាយប្រហាររបស់រុស្ស៊ីដដែល ក៏មិនសូវច្បាស់លាស់ថាមានប្រសិទ្ធិភាព ដូចនឹងអ្វីដែលអ្នកវិភាគលោកខាងលិចបានលើកឡើង។ នាពេលនេះ លទ្ធភាពនៃការបញ្ឈប់ការគាំទ្រអ៊ុយក្រែនពីសំណាក់លោកខាងលិចហាក់ជាមិនទំនងនឹងកើតមាននោះទេ។ ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសណាតូនៅប្រទេសរ៉ូម៉ានីកាលពីថ្ងៃអង្គារទី ២៩ ខែវិច្ឆិកា អង្គការណាតូបានសន្យាថានឹងផ្ដល់នូវជំនួយសព្វាវុធ និងឧបករណ៍ផ្សេងៗបន្ថែមទៀតរួមទាំងម៉ាស៊ីនភ្លើងដល់អ៊ុយក្រែន ហើយថ្កោលទោសចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។
ការសន្យាមូលដៃគ្នាចុងក្រោយនេះ ធ្វើឡើងខណៈដែលអ៊ុយក្រែនស្នើសុំប្រព័ន្ធការពារអាកាសទំនើបៗបន្ថែមដូចជា IRIS Hawks និង Patriots ជាដើម។ សំណើបែបនេះ ក៏មានការគាំទ្រពីបណ្ដារដ្ឋមន្រ្តីអឺរ៉ុបខាងកើត ដែលជំរុញឱ្យណាតូធ្វើការសម្រេចចិត្តនយោបាយក្នុងការបញ្ជូនសព្វាវុធទំនើបៗទៅកាន់អ៊ុយក្រែន ដើម្បីពង្រឹកសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីក្នុងសមរភូមិ។ ប៉ុន្តែបណ្ដាមហាអំណាចលោកខាងលិចធំមួយចំនួន មានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តបែបនេះ ដោយសារខ្លាចមានជម្លោះផ្ទាល់ជាមួយរុស្ស៊ី។
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក សម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក ចន ឃឺរប៊ី បានលើកឡើងកាលពីថ្ងៃចន្ទថា សង្រ្គាមនឹងបញ្ចប់ដោយជ័យជំនះរបស់អ៊ុយក្រែន និងអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱ្យអ៊ុយក្រែននូវសម្ភារៈ និងសព្វាវុធដែលត្រូវការ ដើម្បីទទួលបានជោគជ័យនៅលើសមរភូមិ «ដូច្នេះសង្គ្រាមនេះអាចបញ្ចប់ ក្នុងរបៀបមួយដែលអ៊ុយក្រែនអាចមានអធិបតេយ្យភាព និងសេរីទាំងមូល»។
ជុំវិញបញ្ហានៃការផ្ដល់អាវុធនេះ លោក Lavrov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីកំពុងកាត់ផ្ដាច់ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលអនុញ្ញាតឱ្យលោកខាងលិចបង្ហូរអាវុធសាហាវៗសម្លាប់ជនជាតិរុស្ស៊ី»។ លោកបន្ថែមទៀតថា៖ «អ្នកមិនគួរនិយាយថា អាមេរិក និងណាតូ មិនពាក់ព័ន្ធនឹងសង្រ្គាមនេះទេ។ អ្នកពិតជាពាក់ព័ន្ធដោយផ្ទាល់ ដោយមិនត្រឹមតែផ្គត់ផ្គង់សព្វាវុធប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើការហ្វឹកហាត់យោធា[អ៊ុយក្រែន]ផងដែរ»។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក Lavrov ស្របគ្នាទៅនឹងអ្វីដែលរុស្ស៊ី អះអាងនាពេលកន្លងមកថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនបន្តតានតឹង និងអូសបន្លាយរយៈពេលយូរ។ យ៉ាងណាមិញ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olha Stefanishyna បានថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា៖ «ខ្ញុំនឹងនិយាយថា រឿងបន្ទាន់បំផុតគឺជាអ្វីមួយដែលអាចជួយសង្រ្គោះប្រជាជនរបស់យើង និងជួយយើងឱ្យរួចជីវិតផុតពីរដូវរងានេះ»។ លោកស្រីបន្តដោយគូសបញ្ជាក់ឡើងវិញនូវនឹងការអំពាវនាវរបស់មន្រ្តីអ៊ុយក្រែនផ្សេងទៀតថា អ្វីដែលសំខាន់បំផុត គឺប្រព័ន្ធការពារមីស៊ីល និងបញ្ជូនឱ្យកាន់តែលឿនបំផុត។
ចំណែកឯលោក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ឌ្មីត្រូ គូឡេបា បានថ្លែងក្នុងជំនួបជាមួយបណ្ដាសមភាគីពីអង្គការណាតូ កាលពីថ្ងៃអង្គារថា៖ «នៅពេលយើងមានម៉ាស៊ីនបំលែង និងម៉ាស៊ីនភ្លើង យើងអាចស្តារ បណ្តាញថាមពលរបស់យើង និងផ្តល់ឱ្យប្រជាជននូវការរស់នៅសមរម្យ។ នៅពេលដែលយើងមានប្រព័ន្ធការពារដែនអាកាស យើងនឹងអាចការពារហេដ្ឋារចនាសម្ព័ន្ធពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើកក្រោយ»។
ក្រោមការប្រកាន់ជំហររៀងៗខ្លួនបែបនេះ អ្នកវិភាគមើលឃើញថា ការចរចាសន្តិភាពនឹងមិនងាយសម្រេចបានឆាប់ៗនោះទេ ដោយសារតែមានឱកាសតិចតួច ហើយនោះមានន័យថា រដូវរងាដ៏វេទនាសម្រាប់ប្រជាជនអ៊ុយក្រែននឹងបន្ត ហើយតម្រូវការសម្រាប់ជំនួយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏នឹងកាន់តែកើនឡើងខ្លាំង៕ ហួន ឌីណា