តម្លៃប្រេងសាំងនៅអាមេរិកធ្លាក់ចុះក្រោមកម្រិតពេលរុស្ស៊ី ឈ្លានពាន អ៊ុយក្រែន
តម្លៃប្រេងសាំងនៅអាមេរិកជាមធ្យមនាពេលនេះ បានធ្លាក់ចុះទៅក្រោមតម្លៃនៅពេលរុស្ស៊ីចាប់ផ្ដើមឈ្លានពានអ៊ុយក្រែន ដែលបង្កឱ្យតម្លៃថាមពលកើនឡើងទូទាំងពិភពលោក។
បើតាមសមាគមរថយន្តអាមេរិក (តួលេខថ្ងៃទី២ ខែធ្នូ) សាំងធម្មតាមួយហ្គាឡុងមានតម្លៃជាមធ្យម ៣,៤៤ ដុល្លារទូទាំងប្រទេស ដែលនេះទាបជាងតម្លៃ ៣,៥៤ ដុល្លារ/ហ្គាឡុងនៅថ្ងៃ ២៤ កុម្ភៈ ពោលគឺថ្ងៃដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
នេះគឺជាសប្ដាហ៍ដំបូងហើយចាប់តាំងពីខែកុម្ភៈ ដែលតម្លៃសាំងជាមធ្យមនៅអាមេរិក ធ្លាក់ចុះក្រោម ៣,៥០ ដុល្លារ/ហ្គាឡុង។ តម្លៃប្រេងសាំងនៅអាមេរិក បានឡើងថ្លៃក្នុងខែមករា និងខែកុម្ភៈ ខណៈអ្នកវិនិយោគបារម្ភពីការរំខានពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ការធ្លាក់ចុះនៃតម្លៃប្រេងសាំងនៅពេលនេះ មានកត្តារួមចំណែកជាច្រើន ហើយមិនមែនសុទ្ធតែមានភាពវិជ្ជមាននោះទេ។ ការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចកើតមាន និងការព្រួយបារម្ភអំពីការបិទខ្ទប់កូវីដនៅចិន បានបានធ្វើឱ្យប៉ះពាល់ដល់តម្លៃថាមពល ប៉ុន្តែក៏មានកត្តាផ្សេងទៀត រួមមានការរំខានតិចជាងការរំពឹងទុកចំពោះលំហូរប្រេងរបស់រុស្ស៊ី និងការបញ្ចេញប្រេងដែលរដ្ឋបាលបៃដិន បានកំណត់ ពីទុនបម្រុងគ្រាអាសន្នផងដែរ។
យ៉ាងណាមិញ តម្លៃប្រេងសាំងនេះនៅតែខ្ពស់គួរសមសម្រាប់ពេលវេលាឆ្នាំនេះ ប៉ុន្តែវាបង្ហាញពីការផ្លាស់ប្ដូរទាំងស្រុងនូវការកំណើនតម្លៃដែលបណ្ដាលមកពីសង្រ្គាមនៅអ៊ុយក្រែន ដែលបានធ្វើឱ្យអតិផរណាកាន់តែអាក្រក់ទៅៗ ហើយប្រមានអំពីអតិផរណានៅជុំវិញពិភពលោក។ ហួន ឌីណា