ភ្នំពេញក្រោនគ្រងជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២

ភ្នំពេញ៖​ ក្រុមភ្នំពេញក្រោនបានគ្រងម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២ បន្ទាប់បញ្ចប់២៧ប្រកួត មាន៥២ពិន្ទុ ក្រោយរកបាន៣ពិន្ទុបន្ថែមពីក្រុមភ្ញៀវ ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន អរ.អេស.អិន ចុងសប្តាហ៍នេះ។
ក្រុមភ្នំពេញក្រោនធ្វើបានយ៉ាងល្អ ដោយធ្វើសម្រេចបាន៥គ្រប់នៅប្រកួតចុងក្រោយជាមួយក្រុមខ្លាំង Top 4 បឹងកេត ហើយបានក្លាយជាម្ចាស់ជើងឯកខេមបូឌានលីគ រដូវកាល២០២២នេះ ខណៈ១ប្រកួតទៀត គឺព្រះខ័នរាជស្វាយរៀងបានប្រកួតចាញ់វិសាខា ០ទល់១។ ចំពោះក្រុមរងជើងឯកបានទៅលើក្រុមវិខាសា ដែលធ្វើសម្រេចបាន ៥២ពិន្ទុស្មើនឹងក្រុមជើងឯក ភ្នំពេញក្រោនដែរ ខណៈក្រុមលេខ៣ ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ហើយបឹងកេត ឈរលេខ៤ មាន៣៩ពិន្ទុ។
ជាមួយនឹងការបញ្ចប់ការប្រកួតនេះ មានការរៀបចំពិធីប្រគល់មេដាយមាស និងពានរង្វាន់ដល់ក្រុមជើងឯក ភ្នំពេញក្រោន។ ចំណែកឯការប្រគល់ពានរង្វាន់ជ័យលាភីផ្សេងៗ រួមទាំងជ័យលាភីឯកត្តជននឹងធ្វើឡើង នាល្ងាចថ្ងៃទី៧ ខែធ្នូ នៅផ្សារទំនើប អ៊ីអន សែនសុខ។ គួរបញ្ជាក់ថា ភ្នំពេញក្រោនការពារម្ចាស់ដំណែងជើងឯកឆ្នាំចាស់បានជោគជ័យ ដោយគ្រងជើងឯក២ឆ្នាំជាប់ៗគ្នា រដូវកាល ២០២១ និង ២០២២ ហើយក៏ជាការគ្រងជើងឯកលើកទី៨របស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL គ្រោងប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ (CPL Football Award) ឆ្នាំ២០២២ ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃពុធ ទី០៧ ខែធ្នូ នៅផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ចាប់ពីម៉ោង ១៦:០០នាទីល្ងាចតទៅ។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីប្រគល់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២នេះធ្វើឡើង ដើម្បីផ្តល់គុណតម្លៃ ប្រជាប្រិយភាព និងការគោរពស្រឡាញ់ ចំពោះកីឡាករ គ្រូបង្វឹក ក្លិបបាល់ទាត់ មន្ត្រីដឹកនាំការប្រកួត និង ម្ចាស់ឧបត្ថម្ភ ក៏ដូចជាការបំពាក់មេដាយ និងប្រគល់ជូននូវពានរង្វាន់ដល់មន្ត្រី និងកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនផងដែរ។
តម្លៃនិងចំនួនសំបុត្រ យើងបានកំណត់ជាក់លាក់ និងដាក់លក់នាពេលឆាប់ៗខាងមុខនេះ ហើយតម្លៃក្នុង០១សំបុត្រ ១០ដុល្លា ស្មើនឹង ៤០.០០០រៀល ដោយទទួលបានអាហារសម្រន់ និងការទស្សនានូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ ចំពោះតម្លៃសំបុត្រ អាចនិយាយថាមិនមែនសម្រាប់ការរៀបចំកម្មវិធីទាំងមូលទេ គឺជាការអោយតម្លៃកម្មវិធីនេះដើម្បីញ៉ាំងអោយកម្មវិធីកាន់តែមានភាពទាក់ទាញ ដើម្បីបង្កើននូវចំនួនពានរង្វាន់សម្រាប់កីឡាករ :
១-ដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់កីឡាករដែលត្រូវទទួលបានពានរង្វាន់ជ័យលាភី
២-មានឱកាសជួបជាមួយនឹងកីឡាករដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត
៣-អាចចូលរួមលេងហ្គេម និងមានឱកាសឈ្នះរង្វាន់ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner