ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថាទីផ្សារសកលលោកបើកចំហសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជាកត្តាចម្បង។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តក្នុងការប្រមើលលើវិស័យដទៃទៀតនៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មផងដែរ ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍន៍”។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សាលើគោលបំណងក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ គណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វនីញ៉ា ក៏បានធ្វើការរៀបចំនូវសិក្ខាសាលាអំពីការនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕
ដោយ៖ពលជ័យ
