៧២ម៉ោងអាស៊ានមានអ្នកឆ្លងជាង ២ម៉ឺននាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានការថយ ចុះចំនួន១ម៉ឺន ៣ពាន់ ៦២៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុប រយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។
តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយះពេលបីថ្ងៃមកនេះ មានចំនួន ២ម៉ឺន៤ពាន់ ២៣២ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ានរួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និង ប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រ ទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែល ដែលមានចំនួន ១ម៉ឺន ៣៨៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៣៧ករណី ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១៨២នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៩៤នាក់ ជាតួលេខស្លាប់ ច្រើនជាងគេផងដែរ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៣៤ម៉ឺន ៨ពាន់ ២៨២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៣ពាន់ ១នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៥០លានករណី, និងការស្លាប់មានជាង ៦លាន ៦៤ម៉ឺន នាក់។