ស្នងការដ្ឋាននគរបាលរាជធានីច្រានចោលការផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការឃោសនា រកស៊ីរបស់ក្រុមហ៊ុន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានច្រានចោលព័ត៌មានមួយដែលក្រុមហ៊ុនរកស៊ីតែងប្រឌិតដើម្បីការទាក់ទាញមនុស្សឱ្យចាប់អារម្មណ៍។
ព័ត៌មានផ្សាយមួយដែលបង្ហោះតាមបណ្តាញសង្គមនិយាយថា មានមនុស្សដួលសន្លប់ឬជាប់កកស្ទះដោយសារឈរប្រជ្រៀតរង់ចាំទិញឥវ៉ាន់លក់ថោកៗ ក្នុងផ្សារទំនើបនោះ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីចាត់ទុក ថាជាព័ត៌មានមិនពិត ដែលប្រឌិតឡើងក្នុងចេតនាមិនល្អដើម្បីបំពុលសង្គម។
សមត្ថកិច្ចនគរបាលបានថ្លែងថាគេកំពុងស្រាវជ្រាវរកម្ចាស់គណនី ដើម្បីចាត់ការតាមផ្លូវច្បាប់ថែមទៀត។ ការផ្សាយកុហក គឺជាផ្នែករកស៊ីមួយរបស់ផ្នែកអ្នកធ្វើពាណិជ្ជកម្ម ដើម្បីការទាក់ទាញឱ្យមានមនុស្សចាប់អារម្មណ៍ និងផលិតផលរបស់ខ្លួន ប៉ុន្តែការផ្សាយច្រំដែល ដែលគ្មានការពិតនេះ បានធ្វើឱ្យមានការរិះគន់ដល់កត្តារៀបចំសន្តិសុខ។
ស្នងការដ្ឋាននគរបាលរាជធានី បានថ្លែងបដិសេធរូបថតដែលបង្ហោះតាមបណ្តាញសង្គម និង បញ្ជាក់ថាមិនមានករណីជាប់គាំងមនុស្សក្នុងផ្សារទំនើបណាមួយកើតឡើងនោះទេ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនោះក៏ដោយ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំណែករូបភាពដែលត្រូវបានគេបង្ហោះ ភ្ជាប់ជាមួយខ្លឹមសារជាប់គាំងមនុស្សក្នុងផ្សារទំនើបនោះ គឺជារូបភាពនៅបរទេស និងមិនមែនជារូបភាពផ្សារទំនើបនៅរាជធានីភ្នំពេញនោះឡើយ។