ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ។ គជបបានអំពាវនាវពលរដ្ឋដែលមិនទៅចុះឈ្មោះត្រូវស្រូតរូតរះ ដើម្បីចៀសវាងការបាត់បង់ ឈ្មោះរបស់ខ្លួនក្នុងបញ្ជីដែលនឹងត្រូវចូលរួមបំពេញកាតព្វកិច្ចការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។
សេចក្តីរាយការណ៍បានបង្ហាញថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះ មានចំនួន ៩ពាន់៨៧៨នាក់ ដែលនាំឲ្យចំនួនអ្នកមកចុះឈ្មោះ រយៈពេល៤៨ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះ បានកើនដល់ជាង៥៥ម៉ឺននាក់ហើយ។
ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ រយៈពេល៥០ថ្ងៃ ដែលបានចាប់ ផ្តើមតាំងពីថ្ងៃទី ២០ខែតុលាមកនោះ នឹងគ្រោងបញ្ចប់នៅថ្ងៃទី៨ខែធ្នូខាងមុខនេះ។ ក្នុងរយៈពេល៤៨ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះថ្មីមានចំនួន ៥៥ម៉ឺន ៥ពាន់៧៦៤នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះ ឆ្នោតសរុបមានចំនួន ២៤ម៉ឺន៨ពាន់៧៦៤នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៥ម៉ឺន៨ពាន់៦៧៧នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៦ម៉ឺន៨ពាន់ ៧៥៣នាក់។