ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជួយការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ជំរុញសមត្ថភាពប្រកួតប្រជែង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ីថ្ងៃទី៦ធ្នូ ការជួយនេះ «នឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច…ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក ស្យុង ម័រថឹន Sion L. Morton បានថ្លែងថា «ជំងឺរាតត្បាត កូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់»។

លោកបានបញ្ជាក់ថា «កំណែទម្រង់ក្រោមកម្មវិធីនេះ នឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែក តម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។

ads banner