រាជរដ្ឋាភិបាលទម្លាក់ថវិកា១០០លានដុល្លារបន្ថែមដល់ធនាគារ SME

រាជរដ្ឋាភិបាលគ្រោងនឹងទម្លាក់ថវិកា១០០លានបន្ថែម ដល់ធនាគារសហគ្រាសធុនតូច និងមធ្យម SME នៅក្នុងឆ្នាំ២០២៣។ ប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម បណ្ឌិត ផាន់ ផល្លា បានលើកឡើងនូវគម្រោងទម្លាក់ថវិកានេះក្នុងពិធីមួយរៀបចំធ្វើកាលពីថ្ងៃទី៥ ធ្នូ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

បណ្ឌិត ផាន់ ផល្លា ដែលជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថានៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកា ១០០លានដុល្លារបន្ថែម សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការ ប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។

លោកបានថ្លែងកត់សម្គាល់ថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅតែមានតម្រូវការហិរញ្ញប្បទានច្រើន សម្រាប់រក្សាលំនឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។

គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារសហគ្រាសធុនតូចនិងមធ្យម ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣ពាន់១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម, រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាស មួយចំនួន រងផលប៉ះពីជំងឺកូវីដ១៩៕

ads banner