២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់

ប្រទេសថៃ ដែលបានបាត់មិនឃើញបង្ហាញចំនួនឆ្លង និងស្លាប់ដោយសារកូវីដ១៩ រយៈពេល ១សប្តាហ៍មកហើយនោះ ស្រាប់តែបានបង្ហាញចំនួនអ្នកឆ្លងច្រើនរហូតដល់៤ពាន់ ២៨៤ករណី ដែលជាតួលេខឆ្លងច្រើនជាងគេនៅអាស៊ានក្នុងរយៈពេល២៤ម៉ោងមកនេះ ។

តួលេខឆ្លងថ្មីកូវីដ១៩សរុបនៅថ្ងៃនេះនៅអាស៊ានមានចំនួន ១ម៉ឺន ៥៣៩ ករណី ជាតួលេខឆ្លងច្រើនជាងម្សិលមិញចំនួន ៤ពាន់ ១៩២ករណី ។ គួរបញ្ជាក់ថាមានប្រទេសចំនួន ៩នៅក្នុង អាស៊ាន បាននៅបន្តរកឃើញតួលេខឆ្លង និងស្លាប់ថ្មីដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ រួមមាន ៖ ប្រទេសឥណ្ឌូនេស៊ី, ថៃ, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, និងប្រទេសកម្ពុជា ។

ប្រទេសមីយ៉ាន់ម៉ា ជាប្រទេសដែលមានតួលេខ ឆ្លងតិចជាងគេ ដែលមានចំនួនតែ ៦ករណី ប៉ុណ្ណោះ។ ដោយឡែកប្រទេសព្រុយណេ ជាប្រទេសដែលគ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៨២នាក់ ក្នុងនោះប្រទេសថៃ មានមនុស្សស្លាប់ចំនួន ១០៥នាក់ ជាតួលេខស្លាប់ច្រើនជាងគេ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមាន ៣៥លាន ៣៥ម៉ឺន ៨ពាន់ ៨៣៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៣ពាន់ ១៨៣នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៥០លានករណី, និងការស្លាប់មានជាង ៦លាន ៦៤ម៉ឺន នាក់។

ads banner