កងកម្លាំងមួកខៀវថ្មីរបស់កម្ពុជាបញ្ជូនទៅប្រទេសម៉ាលីដើម្បីផ្លាស់ប្តូរកម្លាំងចាស់

កម្លាំងទាហានមួកខៀវកម្ពុជាចំនួន២កងអនុសេនាធំ បានចាកចេញពីកម្ពុជាចូលរួមបំពេញ បេសកកម្មថែរក្សាសន្តិភាព ក្នុងប្រទេសម៉ាលី ដែលជាប្រទេស នៃចំណុចក្តៅមួយដែលធ្លាប់ធ្វើឱ្យកងកម្លាំងកម្ពុជា៣នាក់បានរងរបួសនាពេលថ្មីៗកន្លងមកនេះ។

អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងឱកាសជូនដំណើរ កងកម្លាំងមួកខៀវចំនួន២៧៣នាក់ នៃកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ កាលពីយប់ថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ បានថ្លែងដាស់តឿនដល់ កងកម្លាំងបញ្ជូនទៅថ្មី ត្រូវបង្កើនការប្រុងប្រយ័ត្នសន្តិសុខគ្រប់ពេលវេលា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងប្រាប់ជុំវិញការរងរបួសរបស់កងកម្លាំងទ័ពមួកខៀវទាំង៣រួប ក្នុងព្រឹត្តិការណ៍ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២ ខណៈធ្វើដំណើរតាមរថយន្តយោធាបំពេញបេសកកម្ម ប៉ុន្តែពេលនោះរថយន្តដែលកំពុងបើកបរស្រាប់តែបានបើកកិនគ្រាប់មីនបង្កៃ។

ក្នុងហេតុការណ៍នោះព្រិន្ទបាលត្រី ពេញ រស្មី ដែលបើកបរបានរងរបួសធ្ងន់, ចំណែកព្រិន្ទបាលត្រី ម៉ី គឹមថុង បុគ្គលិកពេទ្យ របួសស្រាលប៉ះក្បាល និងព្រិន្ទបាលត្រី ម៉ែន ថារ៉ា បានថ្លោះចង្កេះ។

នាយឧត្តមសេនីយ៍ សែមសុវណ្ណនី បានដាស់តឿនកងកម្លាំងមួកខៀវកម្ពុជាត្រងត្រាប់ស្តាប់ នូវបទបញ្ជាអង្គភាព និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាក្នុងការការពារខ្លួន នៅក្នុងការចុះបំពេញបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសម៉ាលីនោះ។

កម្ពុជាបច្ចុប្បន្នមានកម្លាំងមួកខៀវជាង៨០០នាក់ ដែលបាននឹងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅតាមប្រទេសមួយចំនួន រួមមាន៖ ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល ក្នុងនោះនៅប្រទេសម៉ាលី មានទ័ពមួកខៀវ កម្ពុជា កំពុងឈរជើងមានចំនួនជិត៣០០នាក់៕

ads banner