រាជរដ្ឋាភិបាល ផ្ដល់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់មេដាយប្រាក់កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ២៣៦លានរៀល ដល់ជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ (Aerobic Gymnastics Asian Championship 2022) នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ ដែលបានធ្វើការប្រកួតពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។
ពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ប្រធាន NOCC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ កាលពីថ្មីៗ សហព័ន្ធ បានបញ្ចូនប្រតិភូកីឡាកាយសម្ព័ន្ធ១៨នាក់ចូលរួម ក្រោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយលើ៣ វិញ្ញាសា រួមមានមេដាយប្រាក់២វិញ្ញាសា និងសំរឹទ្ធ១វិញ្ញាសា។
សម្រាប់មេដាយប្រាក់ទី១ ដណ្ដើមបានលើវិញ្ញាសាគូ មានកីឡាករ ស្រ៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹងមេដាយប្រាក់ ២គ្រឿង និងមេដាយប្រាក់ទី២ លើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម ៥នាក់ មានកីឡាការិនី ឌឹម អ៊នធីតា, សួស ស្រីពៅ, ឈួន សុវណ្ណបញ្ញា, ស៊ីវ ចន្ថា និងកីឡាការិនី ណេម សុខហេង ស្មើនឹងមេដាយប្រាក់ ៥គ្រឿង។ រីឯមេដាយសំរឹទ្ធ ១ ដណ្ដើមបានលើវិញ្ញាសាទ្រីយ៉ូជាក្រុម(សម្ដែង៣នាក់) មានកីឡាករ ស្រ៊ាន វួចទ្រី, កីឡាការិនី ច្រឹង ចាន់ត្រា និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹងមេដាយសំរឹទ្ធ៣គ្រឿង។
តាមគោលការណ៍សម្រាប់ការប្រកួតក្របខណ្ឌជើងឯកអាស៊ីនេះ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់រង្វាន់លើទឹកចិត្ត ដល់ម្ចាស់មេដាយប្រាក់ក្នុង ១គ្រឿង ចំនួន ២០លានរៀល ខណៈមេដាយសំរឹទ្ធក្នុង ១គ្រឿង ចំនួន ១៦លានរៀល។ ចំណែកគ្រូបង្វឹក ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១០០% ស្មើនឹងមេដាយខ្ពស់បំផុតរបស់កីឡាករ-កីឡាការិនី និងគ្រូជំនួយ ក៏ទទួលបាន៧០% នៃមេដាយរបស់កីឡាករ-កីឡាការិនីផងដែរ។ ដូច្នេះប្រាក់រង្វាន់ ដែលរាជរដ្ឋាភិបាល់ជូនជ័យលាភីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ ខាងលើ មានចំនួនសរុប ២៣៦លានរៀល ។
ឆ្លៀតឱកាសនោះ ក្នុងនាមអាជ្ញាធរកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងគិតគូរ និងយកចិត្តទុកដាក់វិស័យកីឡាគ្រប់សហព័ន្ធកីឡាជាតិ ដែលជាការផ្ដល់នូវភាពកក់ក្ដៅ និងការជំរុញលើកទឹកចិត្តដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ខិតខំប្រឹងប្រែង និងធ្វើការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍អន្ដរជាតិនានា។
បន្ថែមលើនេះ ឯកឧត្តមបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ពិសេសកីឡាកាយសម្ព័ន្ធ ដែលកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ដើម្បីធានាបាននូវគុណផលកម្រិតខ្ពស់ ឆ្ពោះទៅរកមេដាយឲ្យកាន់តែល្អប្រសើរជាងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ពោលគឺការស្វែងមេដាយមាសយ៉ាងតិច ១គ្រឿង ស្របតាមសន្ទស្សន៍មេដាយ ដែលគណៈកម្មាធិការជាតិ CAMSOC បានដាក់ចេញ នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕ ចាន់ វិចិត្រ


