អ្នកនាំពាក្យ គ.ជ.ប បង្ហាញពីលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះថា លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥៧៧.៥៥០នាក់ (ស្រ្តីចំនួន ២៨៨.៥៥១នាក់) ដែលស្មើនឹង ១៤១.១៩% នៃស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានដែលអាចមកចុះឈ្មោះបោះឆ្នោតបាន។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ២៥៨.៣៧២នាក់។ អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦០.៧៦៩នាក់ និងអ្នកផ្ទេរចូលមានចំនួន ១៧៨.៥២១នាក់។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀត នៅក្នុងថ្ងៃនេះ។

ឯកឧត្តម ហង្ស ពុទ្ធា បានបន្តទៀតថា ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មក គ.ជ.ប បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវរបាយការណ៍ស្តីពីលទ្ធផល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យ បោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ ដាក់ចូលក្នុងកញ្ចប់ «ក»។ ឯកសារដែលត្រូវដាក់ចូលក្នុងកញ្ចប់ «ក» រួមមាន៖

  • ស្រោមសំបុត្រដាក់រាល់សម្រង់សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ យល់ព្រមលើពាក្យបណ្តឹងតវ៉ា (ទ.១២០៣) ដែលតម្រូវឱ្យក្រុមចុះឈ្មោះបោះឆ្នោត ចុះឈ្មោះអ្នកប្តឹងតវ៉ាសុំចុះឈ្មោះទៅក្នុងបញ្ជីបោះឆ្នោត នៃការិយាល័យពាក់ព័ន្ធ (ប្រសិនបើមាន)
  • ស្រោមសំបុត្រដាក់របាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត នៃការិយាល័យបោះឆ្នោត (ទ.១០១១) ។
    បន្ទាប់មក ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងវេចខ្ចប់កញ្ចប់ «ក» និងសម្ភារ ឯកសារពាក់ព័ន្ធ នឹងការចុះឈ្មោះបោះឆ្នោតទាំងអស់ ដោយដាក់ទៅក្នុងស្បោង «ខ» តាមចំនួនដែលអាចដាក់អស់កញ្ចប់ «ក» និង សម្ភារ ឯកសារទាំងនោះដើម្បីបញ្ជូនទៅលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំកា រ បោះ ឆ្នោត (លធ.ខប) ។
    ការវេចខ្ចប់កញ្ចប់ «ក» ដាក់ក្នុងស្បោង «ខ» និងបញ្ជូនពីឃុំ សង្កាត់ ទៅលេខាធិការដ្ឋាន រាជ ធានី ខេត្ត រៀបចំកា រ បោះ ឆ្នោត ត្រូវធ្វើ យ៉ាងយូរត្រឹមថ្ងៃទី៤ បន្ទាប់ពីថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោត ក្នុងករណី ពុំមានបណ្តឹងតវ៉ា អំពី ការបដិសេធការសុំចុះឈ្មោះបោះឆ្នោត (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)។ ប្រសិនបើមានបណ្តឹងតវ៉ាអំពីការបដិសេធការសុំចុះឈ្មោះ បោះឆ្នោត ត្រូវបានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ការបញ្ជូនកញ្ចប់ «ខ» ត្រូវអនុវត្តនៅថ្ងៃទី៧ បន្ទាប់ពីថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោត (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)។
    នៅពេលប្រគល់ ទទួលស្បោង «ខ» ពីក្រុមចុះឈ្មោះបោះឆ្នោត មន្ត្រីលេខាធិការដ្ឋាន រាជ ធានី ខេត្ត រៀបចំកា រ បោះ ឆ្នោត ត្រូវត្រួតពិនិត្យថា ស្បោង «ខ» ទាំងឡាយមិនត្រូវបានគេរុះរើឡើយ។ នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំ សង្កាត់ពាក់ព័ន្ធ មន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្ត រៀប ចំ កា រ បោះ ឆ្នោត ត្រូវត្រួតពិនិត្យឱ្យប្រាកដថា ស្បោង «ខ» នីមួយៗមានផ្ទុកកញ្ចប់ «ក» ឬ/និងកញ្ចប់ដាក់ គល់ សន្លឹក ទ.១០២២ ដែលបានប្រើហើយសរុបក្នុងឃុំ សង្កាត់ និងស្រោមសំបុត្រដាក់ទម្រង់បែបបទផ្សេងទៀតគ្រប់ចំនួន។ នៅពេលទទួល និងត្រួតពិនិត្យ ស្បោង «ខ» រួចរាល់ហើយ មន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំកា រ បោះ ឆ្នោត ត្រូវចាត់ចែងវេចខ្ចប់ស្បោង «ខ» ដាក់ក្នុងស្បោង «គ» សម្រាប់បញ្ជូន និងប្រគល់ទៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។

អ្នកនាំពាក្យបានបញ្ជាក់ថា ការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ក្នុងរយៈពេល៥០ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ ជាការកត់សម្គាល់ឃើញថា៖

  • គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានត្រៀមខ្លួន និងបានអនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅរលូនល្អ មានសណ្តាប់ធ្នាប់ និងប្រកបដោយសន្តិសុខសុវត្ថិភាព
  • គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់នូវកិច្ចសហការល្អតាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការល្អប្រកបដោយសន្តិសុខ សុវត្ថិភាព
  • អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់នូវកិច្ចសហការ យ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ច ក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ
  • ភាគីពាក់ព័ន្ធនានា តួយ៉ាងដូចឯកឧត្តម លោកជំទាវ លោក លោកស្រី បានចូលរួមយ៉ាងសកម្ម តាមការអញ្ជើញដោយ គ.ជ.ប លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងតាមភារកិច្ច រៀង ៗខ្លួន
  • ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ អ្នកចុះឈ្មោះទាំងអស់ យកចិត្តទុកដាក់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព
  • ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕
    ដោយ៖ពលជ័យ
    រូបភាព៖គជប
ads banner