វៀតណាមចាប់ផ្តើមជើងហោះហើរទៅចិនឡើងវិញ បន្ទាប់ពីផ្អាកជិត៣ឆ្នាំ ព្រោះជំងឺកូវីដ-១៩
ហាណូយ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា ខ្លួនបានចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មធម្មតាដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិនវិញ ក្រោយផ្អាកអស់រយៈពេលជិត៣ឆ្នាំ ដោយសារជំងឺកូវីដ១៩ឆ្លងរាតត្បាតខ្លាំង។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលចិនបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឹកូវីដ១៩របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបើកផ្លូវហោះហើរមួយចំនួនរបស់ខ្លួនឡើងវិញរវាងប្រទេសទាំងពីរ ដើម្បីបំពេញតម្រូវការធ្វើដំណើរ។
ការហោះហើរជើងដំបូងនឹងធ្វើឡើងរវាងទីក្រុងហូជីមិញ និងក្វាងចូវ ចំណែកចាប់ពីសប្តាហ៍ក្រោយទៅ នឹងមានជើងហោះហើររវាងទីក្រុងសៀងហៃ និងហូជីមិញ ព្រមទាំងទីក្រុងហាណូយ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម បានបញ្ជាក់ថា ឥឡូវនេះខ្លួនកំពុងដំណើរការជើងហោះហើរអន្តរជាតិចំនួន ៦០០ជើងក្នុងមួយសប្តាហ៍ ឬ ៧០ភាគរយនៃសមត្ថភាពរបស់ខ្លួន មុនពេលផ្ទុះឡើងជំងឺកូវីដ១៩ ៕ ប្រភព៖ បាងកកប៉ុស្តិ៍ ដោយ៖ ទីណា និងបុត្រា





