សម្តេចតេជោ ហ៊ុន សែន៖ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជាតិនៅលើសាកលលោក។ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ។ ការបញ្ជាក់របស់សម្តេចបានធ្វើឡើងនៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា កម្ពុជាប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លិប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំង៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ ដែលស្អាតបំផុតលើសកលលោក។ យើងត្រូវប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់ យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖

  • ខេត្តព្រះសីហនុ៖ ជា «គោលដៅទេសចរណ៍សម្រាកលម្ហែ និង ជាតំបន់សេដ្ឋកិច្ច ពហុបំណង»
  • ខេត្តកែប៖ ជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និង ប្រណិត»
  • ខេត្តកំពត៖ ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ», និង
    -ខេត្តកោះកុង៖ ជា «គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និងកិច្ចការទូទៅរបស់ក្លឹប ហើយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែង បំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និង មួយទៀតនៅក្រុងព្រះសីហនុសម្រាប់ដំណើរការលេខាធិការដ្ឋាននេះ ។ ទន្ទឹមនឹងនេះ ស្វាគមន៍ផងដែរ ចំពោះការរៀបចំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លិប នៅឆ្នាំ២០២៣ ឬ ពេលខាងមុខ ណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។ កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិ- យោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ ព្រមទាំង ជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និង រាជធានីភ្នំពេញ។

សម្តេចតេជោ បានបន្តទៀតថា ឈរលើកត្តាអំណោផលទាំងអស់នេះ និង ក្រោមចក្ខុវិស័យហ្មត់ចត់ វែងឆ្ងាយ ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ កម្ពុជាបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលត្រូវបាន ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី២ របស់ប្រទេស ជាពិសេសខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍ «ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ។ ជាក់ស្ដែង រាជរដ្ឋាភិបាល បានសម្រេចកសាងបណ្តាញផ្លូវ៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា អាងប្រព្រឹត្តកម្ម ទឹកកខ្វក់ និងការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈ ដែលចំណាយថវិការបស់ជាតិសរុបប្រមាណ ជាង៣០០លានដុល្លារអាមេរិក និង ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកាលពីខែ ធ្នូ ឆ្នាំ ២០២១៕
ដោយ៖ពលជ័យ

ads banner