សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីអបអរសាទរបុណ្យសមុទ្រឆ្នាំ២០២២

ព្រះសីហនុ៖ ដើម្បីអបអរសាទរបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ៖ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមលើកនូវអនុសាសន៍សំខាន់ៗមួយចំនួន ដូចជា៖

ទី១៖ ដូចដែលបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញនេះ, យើងត្រូវ រក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើសកលលោក ។ ឥឡូវនេះ, កម្ពុជាចាប់ផ្តើមទទួលភ្ញៀវជាតិ និង អន្តរជាតិនៅគ្រប់ទីកន្លែងទាំងអស់ជាបណ្តើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩ ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍគ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់ ។ ដូច្នេះ, ខ្ញុំសុំស្នើឱ្យប្រជាពលរដ្ឋកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើង រកបានទាំងលំបាក និង មិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញ សន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សា សន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ ។

ទី២៖ នៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និង សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោក, ខ្ញុំក៏សូមស្នើជាថ្មីម្តងទៀតឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ រួម ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាមជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និង ឱ្យស័ក្តិសមជាមួយ នឹងការទទួលបាននូវកិត្តិនាមជា «តារារះនាទិសនិរតី» ។

ទី៣៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ, ការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និង ការតភ្ជាប់ពីតំបន់មួយទៅ តំបន់មួយ ទាំងការតភា្ជប់តាមផ្លូវគោក និង តាមផ្លូវដែក និង តាមផ្លូវអាកាស ។

ទី៤៖ ត្រូវជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹង កន្លែង» ។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និង បំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ ។ យើងត្រូវខិតខំជំរុញការផលិត ឱ្យត្រឹមត្រូវតាមស្ដង់ដារបម្រើឱ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់ បៃតងនៅក្នុងតំបន់ទេសចរណ៍ ។

ទី៥៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ។ សន្តិភាព ជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម វាជាក្របខណ្ឌម៉ាក្រូផង និង មីក្រូផង ។ ក្នុងន័យនេះ, តំបន់ទេសចរណ៍ទាំងអស់មិនគ្រាន់តែខេត្តព្រះសីហនុ តែតាមបណ្តាខេត្តជាប់មាត់សមុទ្រ និង គ្រប់ទីកន្លែង ដែលមានភ្ញៀវទេសចរទៅ គឺ ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម ។

ទី៦៖ ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័ន្តពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និង វិស័យឯកជន ចូលរួមឱ្យ បានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ប្រកបដោយភាពជោគជ័យ និង ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អ» និង សហការថែរក្សា សោភ័ណភាព, អនាម័យ និង បរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុង ការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅ ជំនាន់ក្រោយ ។

ក្នុងនាមរាជរដ្ឋាភិបាល, សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង លើកិច្ចការពារ និង អភិរក្សបរិស្ថានធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបមើ ឱ្យការអភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយយើងត្រូវរួមគ្នា “រួមគិត, រួមធ្វើ, រួមទទួល ខុសត្រូវ» ដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជា បន្តជាឆ្នេរសមុទ្រដែលស្អាតលើសកលលោក និង ជា “តារារះ នាទិសនិរតី» ៕ ដោយ វណ្ណលុក




