បែបផែននៃការអានសៀវភៅរបស់យុវជនសតវត្សទី២១
ភ្នំពេញ៖មុនពេលដែលប្រព័ន្ធបច្ចេកវិទ្យាបានសាយភាយចូល មកបម្រើឱ្យការរស់នៅរបស់មនុស្ស ការធ្វើការងារសព្វបែប យ៉ាងច្រើនតែប្រព្រឹត្តទៅដោយផ្ទាល់សូម្បីតែការបង្កើតទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ត្រូវធ្វើឡើងដោយផ្ទាល់ផងដែរ។
តែបន្ទាប់ពីសករាជនៃបច្ចេកវិទ្យាបាន ឈាន ជើងចូលមកដល់ ការងាររបស់មនុស្សស្ទើរតែទាំងស្រុងត្រូវបានសម្រាលឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ ការសិក្សា ការបង្កើតទំនាក់ ទំនង ការធ្វើការ ការធ្វើជំនួញ គឺសុទ្ធតែអាចធ្វើទៅបានពី ចម្ងាយដោយគ្រាន់តែប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។

សម្រាប់ការអានសៀវភៅវិញក៏ដូចគ្នាដោយអ្នកអានកាន់តែមានជម្រើសច្រើនជាងមុននិងងាយស្រួលជាងមុនក្នុងការស្វែងរកចំណេះដឹង។ ជំនួសដោយការកាន់យកសៀវភៅទៅគ្រប់ទីកន្លែង បច្ចុប្បន្នគេ អាចអានសៀវភៅតាមអេឡិចត្រូនិក(E-Book) និងថែមទាំងអាចចំណេញប្រាក់ក្នុងការទិញសៀវភៅទៀតផង។
ប៉ុន្តែ វាក៏មិនទាំងស្រុងដែរ អ្នកអានមួយចំនួនក៏នៅតែមិន ទទួល យកភាពងាយស្រួលនៃបច្ចេកវិទ្យា ដោយគិតថា ការអានលើ ក្រដាសសៀវភៅផ្ទាល់គឺមានភាពស្និទ្ធិស្នាលជាង។
លោក ឡុង ម៉េងឈៀង ជានិស្សិតកំពុងសិក្សាឆ្នាំទី៤ គឺជា យុវជនមួយរូបដែលចូលចិត្តការអានលើ សៀវភៅផ្ទាល់ជា ជាងការអានលើអេឡិចត្រូនិច។ លោកថា អានផ្ទាល់វា ធ្វើឱ្យលោកបានប៉ះពាល់ សន្លឹកសៀវភៅ បានបើកទំព័រ សៀវភៅ ដែលនោះគឺជាភាពពិតមួយដែលលោក គួរតែ បានពីការអានសៀវភៅ។
និស្សិតវ័យ២០ឆ្នាំស្ដើង រូបនេះបានរៀបរាប់បន្តថា៖ «ខ្ញុំធ្លាប់ សាកអានលើអេឡិចត្រូនិក ប៉ុន្តែវាពិបាកមើល ហើយមាន អារម្មណ៍ថាទំនាក់ទំនងយើងជាមួយសៀវភៅ វាដូចជា គ្មានសោះ»។

យ៉ាងណាមិញ លោកបានសង្កេតឃើញពីទំនោរនៃការ អាន តាមអេឡិចត្រូនិកមានការកើនឡើង ជាពិសេសការ អានតាម Kindle ដែលអាចផ្ទុកសៀវភៅបានច្រើនក្បាល និងមិនបង្កជា ការឈឺភ្នែក ដូចមើលលើកញ្ចក់អេក្រង់ទូរស័ព្ទ។និស្សិតរូបនេះបន្តថាការអានសៀវភៅអេឡិចត្រូនិកអាចនឹងពេញនិយមនៅពេលឆាប់ៗខាងមុខ។
កញ្ញា ម៉ារឺឌី ដែលជានិស្សិតទើបបញ្ចប់ការសិក្សាឯណោះ វិញយល់ថា ការអានបែបណាក៏សុទ្ធតែមានសារៈសំខាន់ និងមានគោលដៅតែមួយគឺស្វែងយល់ និងក្រេបចំណែះដឹង។
ប៉ុន្តែសម្រាប់ការនិយមរបស់កញ្ញា គឺការអានលើសៀវភៅដោយ ផ្ទាល់ដោយកញ្ញាចូលចិត្តក្លិនសៀវភៅ និងចូលចិត្តនៅពេល ដែល បានចាប់កាន់សៀវភៅដោយផ្ទាល់។ ម្យ៉ាងទៀត កញ្ញា ថាការអានលើសៀវភៅគឺមិនចាំបាច់ត្រូវអង្គុយសម្លឹងអេក្រង់យូរ។
កញ្ញាបានរៀបរាប់បន្ថែមថា៖ «បើទោះជាការអានតាមអេឡិច ត្រូនិក មានលក្ខណៈទំនើបជាង និងអាចចាយលុយតិចជាង ខ្ញុំនៅតែជ្រើសរើសទិញសៀវភៅមកអានផ្ទាល់ ហើយប្រមូល សៀវភៅទុកដាក់តាំងយកសោភ័ណភាពវិញ»។
ខុសគ្នាពីយុវជនខាងលើ សម្រាប់កញ្ញា សុភ័គវីយ៍ ឯណោះវិញ ចូលចិត្តការអានលើអេឡិចត្រូនិក ជាងអានលើសៀវភៅ។ កញ្ញាបានរៀបរាប់ពីមូលហេតុនៃការនិយមចូលចិត្តអានរបស់ខ្លួនថា៖ «អានតាមអេឡិចត្រូនិក ខ្ញុំអាចសន្សំលុយបានច្រើន ហើយអាចយកតាមខ្លួនបានគ្រប់ទីកន្លែង ដោយមិនចាំបាច់ ត្រូវស្ពាយសៀវភៅតាម»។
កញ្ញាបន្តថា៖ «ម្យ៉ាងទៀត ខ្ញុំចង់ឱ្យការប្រើប្រាស់ទូរស័ព្ទ របស់ខ្ញុំគឺផ្ដោតលើការអានសៀវភៅជាជាងការលេងបណ្ដាញសង្គម ដែលវាអាចខាតបង់ពេលវេលា ច្រើន…ដូច្នេះរាល់ ពេល ដែលខ្ញុំកាន់ ទូរស័ព្ទគឺខ្ញុំនឹកឃើញពីការអានសៀវភៅ»។
កញ្ញាបន្តរៀបរាប់ពីភាពងាយស្រួលនៃការអានតាមអេឡិចត្រូនិកថា វាមានភាពងាយស្រួលជាងសៀវភៅដោយអាចកត់ត្រា បកប្រែ យ៉ាងមានរបៀបរៀបរយ។ អ្វីដែលកាន់តែពិសេស កញ្ញាថាខ្លួនក៏អាចបើកមុខងារអាននៅលើទូរស័ព្ទដៃ ដោយ ធ្វើដូច្នេះកញ្ញាគ្រាន់តែស្ដាប់ក៏អាចយល់ពីខ្លឹមសារនៃសៀវភៅបានដូចគ្នា។
ទន្ទឹមគ្នានេះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៩ខែ ធ្នូ កន្លងទៅថ្មីៗនេះ បានលើកឡើងអំពីការអានរបស់យុវជន សតវត្សទី២១នេះផងដែរ។
ក្នុងឱកាសនៃពិធីបើកពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩នោះ លោកជំទាវបានជំរុញឱ្យយុវជនដែល ជាសសរទ្រូងដ៏សំខាន់ នៃប្រទេសជាតិខិតខំស្វែងរកចំណេះដាក់ខ្លួន។
ដោយឡែក បើទោះបីជាបច្ចុប្បន្នមានការនិយមអានសៀវភៅ អេឡិចត្រូនិកយ៉ាងណាក៏ដោយលោកជំទាវនៅតែបន្តការនិយមអានរបស់ខ្លួនគឺ អានសៀវភៅដោយផ្ទាល់។ ប៉ុន្តែយ៉ាងណា មិនថាតាមវិធីបែបណានោះទេ សៀវភៅសុទ្ធតែមានចំណែក ក្នុងការកែប្រែការគិតរបស់អ្នកអាន។ ដូច្នេះលោកជំទាវលើកទឹកចិត្តដល់ឪពុកម្ដាយក្នុងការទិញសៀវភៅដាក់ផ្ទះដើម្បីបណ្ដុះទម្លាប់អានរបស់កូនៗតាំងពីវ័យកុមារតទៅ។
លោកជំទាវក៏បានរំលឹកអំពី ការផ្ដួចផ្ដើមគំនិតដាក់បញ្ចូល សៀវភៅ ទៅក្នុងពន្ធធនាគារផងដែរ ដើម្បីធានាថាសៀវភៅ ត្រូវបានចរាចរណ៍ទៅគ្រប់ទីកន្លែង ដែលមានន័យថាពុទ្ធិអាច កើតមានគ្រប់ទីកន្លែងដូចគ្នា៕
ដោយ៖កែវ បុស្បា