អ្នកនាំពាក្យក្រសួងអប់រំ៖ គ្រប់បន្ទប់កំណែទាំងអស់ មានបំពាក់ កាម៉េរ៉ាសុវត្ថិភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរ ការកំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី១១ខែធ្នូនេះតទៅ ខណៈគ្រប់ បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាព ក្រោមការ ត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។

ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋមន្ត្រីស្តីទីក្រសួងអប់រំយុវជន និង កីឡា និងជាគណៈមេប្រយោគទូទាំងប្រទេសកំណែ បាន អញ្ជើញ ចុះពិនិត្យនៅតាមមណ្ឌលកំណែ ខណៈ គណៈកម្មការ នានាកំពុងមមាញឹកក្នុងការបំពេញភារកិច្ចដោយយកចិត្តទុកដាក់ប្រកបដោយទំនួលខុសត្រូវ ព្រមទាំងមានការចូលរួមពិនិត្យពី អង្គភាពប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានប្រាប់កាលពីថ្ងៃទី១១ ខែធ្នូនេះថា នៅតាមមណ្ឌលនីមួយៗ មានកិច្ចប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ដើម្បីធានា បាន នូវការគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។លោកបន្តថា ៖ «លោកគ្រូអ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការ បែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់ សមាជិក ទាំងឱ្យបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ និងយកចិត្ត ទុក ដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មក ជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូល បន្ទប់ កំណែ។ គ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាព និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ»។

ឯកឧត្តមបានឱ្យដឹងទៀតថា ក្រសួងបានរៀបចំមណ្ឌល កំណែ នៅក្នុងរាជធានីភ្នំពេញចំនួន ១០ សម្រាប់ដំណើរការកំណែ សន្លឹកកិច្ចការបេក្ខជន។ ក្នុងនោះមាន មណ្ឌលវិទ្យាល័យ ព្រះសីសុវត្ថិ មណ្ឌលវិទ្យាល័យបាក់ទូក មណ្ឌលវិទ្យាល័យ ជាស៊ីមសន្ធរម៉ុក មណ្ឌលបឋមសិក្សាសន្ធរម៉ុក មណ្ឌល វិទ្យាល័យ ទួលទំពូង មណ្ឌលបឋមសិក្សាព្រះនរោត្តម មណ្ឌល វិទ្យាល័យបឹងត្របែក មណ្ឌលវិទ្យាល័យ ជាស៊ីម បឹងកេងកង មណ្ឌលវិទ្យាល័យព្រះយុគន្ធរ និងចុងក្រោយគឺ មណ្ឌល វិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ។

ឯកឧត្តម រស់ សុវាចា បានគូសបញ្ជាក់ថា ដំណើរការកំណែ សន្លឹកកិច្ចការប្រឡងនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ រហូត ដល់ថ្ងៃទី ១៤ធ្នូ និងចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ២៥ធ្នូ ដំណើរ ការស្រង់ពិន្ទុដោយកុំព្យូរទ័រនិងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

បេក្ខជន អែម សុខាឧត្តម ដែលបញ្ចប់ការប្រឡងបាក់ឌុប នៅ ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា លោកសង្ឃឹមថានឹងជាប់ ៨០ ភាគរយ ហើយទទួលបាននិទ្ទេសល្អ។ សម្រាប់ការរៀប ចំឆ្នាំ នេះលោកថ្លែងថា «បាទលោកគ្រូ! ក្រសួងគាត់រៀបចំបានល្អ ហើយថ្នាក់ខ្ញុំអត់មានការលួចចម្លងគ្នាទេ។ ល្អម្យ៉ាងដែរ អ្នកចេះ ជាប់ អ្នកអត់ចេះធ្លាក់ សម្រាប់ខ្ញុំការរឹតបន្តឹងបែបនេះនឹង ជួយ ពង្រឹងវិស័យអប់រំនៅកម្ពុជា»។

ទាក់ទងការប្រឡងនេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព,ACU) ដែលបានចូលរួមអ្នកអង្កតការណ៍ នេះជា លើកទី ៩ បានវាយតម្លៃខ្ពស់ចំដំណើរការប្រឡងបាក់ឌុប សម័យប្រឡងកាលពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ ២០២២។ អ.ប.ព គូសបញ្ជាក់ថា «តាមរយៈការសង្កេតការណ៍លើការរៀបចំ និងការប្រព្រឹត្តទៅនៃដំណើរការសំណេរ អង្គភាពប្រឆាំង អំពើ ពុករលួយ សូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី កងកម្លាំង សមត្ថកិច្ច មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែល បានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន និងមានចំណាត់ការឆ្លើយតប បានយ៉ាងទាន់ពេលវេលាលើរាល់បាតុភាពនានា ដែលកើត មានឡើងជាយថាហេតុ»។

ក្នុងសម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ២០២២ មានថ្នាក់ដឹកនាំ មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ ស្ម័គ្រ ចិត្តជាង ៣ ០០០ នាក់ ដោយក្នុងនោះ អង្គភាពប្រឆាំង អំពើពុករលួយ បានរៀបចំមន្ត្រីប្រចាំតាមមណ្ឌលប្រឡង ១នាក់ ក្នុង ១មណ្ឌលប្រឡង និងបានដាក់ពង្រាយអ្នកសង្កេតការណ៍ ស្ម័គ្រចិត្តដោយអនុវត្តតាមនិយាម ១នាក់ សង្កត ២បន្ទប់ នៅគ្រប់មណ្ឌលប្រឡងទាំង ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ ទូទាំងរាជធានី-ខេត្ត ដើម្បីធានាឱ្យបាននូវគោលការណ៍ ទាំងបួន នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សូមជម្រាបថា ក្រសួងអប់រំបានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀលសម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ សម្រាប់ ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕ ដោយ៖ ឡាយ សាមាន

ads banner