ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ជុំទី៤ មានកីឡាករ កីឡាការិនីចូលរួម៥៣៣នាក់ ជាកំណើនលើសពីការរំពឹងទុក
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Wurkz Mountain Bike Series ឆ្នាំ២០២២ ជុំទី៤ ដែលបានរៀបចំ នៅទីលានប្រណាំងកង់ព្រែកលៀប អាចនិយាយបានជាចំណែកមួយយ៉ាងសំខាន់ ក្នុងការវាសស្ទង់ កម្រិតសមត្ថភាពអត្តពលិកជម្រើសជាតិ បន្ទាប់ពីពួកគេបានហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ជាពិសេសកំណើននៃកាចូលរួមលើសពីការរំពឹងទុកពីមួយជុំទៅមួយជុំ។ នេះបើតាមការអះអាងរបស់លោក ព្យែ អ៊ីវកាត់ទ្រី អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ។
លោក ព្យែ អ៊ីវកាត់ទ្រី បានបញ្ជាក់ថា ការប្រកួតកង់ភ្នំជុំទី៤នេះ ពិតជាអស្ចារ្យ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដែលបានមកគាំទ្រដល់ទីលាន ជាមួយនឹងកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិសរុប៥៣៣នាក់។ ស្ថាបនិកកង់ភ្នំរូបនេះ បន្តថា ការប្រកួតនេះជាចំណែកមួយ ក្នុងការជួយបង្កើនសិទ្ធផលកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ បានដុសខាត់សមត្ថភាព វាសស្ទង់ និងពិនិត្យមើលពីចំណុចខ្វះខាត ដើម្បីយកមកពង្រឹងបន្ថែម មិនត្រឹមតែប៉ុណ្ណោះក៏ជាឱកាសអោយគណៈកម្មការរៀបចំការប្រកួតបានត្រៀមខ្លួនអោយកាន់តែល្អ សម្រាប់ត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាអំឡុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បញ្ជាក់ទៀតថា ការប្រកួតដំណើរការដោយរលូន ព្រោះ ព្រោះយើងមានកីឡាករខ្លាំងៗចូលរួម ប្រកួតប្រជែងយ៉ាងស្វិតស្វាញពោរពេញដោយសមត្ថភាព និងភាពសប្បាយរីករាយ ដោយមិនបង្កអោយកីឡាករ កីឡាការិនីណាម្នាក់គ្រោះថ្នាក់ បើទោះបីជាទីលានព្រែកលៀបនេះ មានលក្ខណៈខ្លីក៏ពិតមែន តែយើងបានអោយពួកគាត់ប្រកួតច្រើនជុំ។
សូមបញ្ជាក់ថា សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ Class A បានលើកីឡាករ សាំង សីហា , Class B1 លេខ១ បានលើកីឡាករ កែ រដ្ឋា , Class B2 លេខ១ បានលើកីឡាករកែ សុផា ។ Class Masters លេខ១បានលើ Hector Rubala , Class E-Bike លេខ១បានលើកីឡាករ អឿ ស៊ីផា , Class C3 លេខ១បានលើកីឡាករ យី លាងម៉េង , Class C2 លេខ១បានលើកីឡាករ ធីម លីម៉េង , Class C1 លេខ១បានលើកីឡាករ នីត សីហាក់ , Class Women លេខ១បានលើកីឡាការិនី ខេន ម៉ាឡៃ ។ នៅក្នុងនោះដែលក៏ម្ចាស់ជ័យលាភីលើវិញ្ញាសា VIP CMG CO K2 K2 Girls និងK1ផងដែរ ។
សម្រាប់ជុំទី៥ ដែលជាជុំចុងក្រោយ គ្រោងនឹងចាប់ផ្តើមនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅឧទ្យានជាតិ គីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕ ចាន់ វិចិត្រ


