រដ្ឋមន្ត្រីក្រសួងវប្បធម៌ស្នើការបញ្ចប់វាយកុដិបុរាណក្នុងវត្តឧណ្ណាលោម (Video Inside)
ការវាយកុដិបុរាណ អាយុជិត១០០ឆ្នាំចំនួន៣កន្លែងក្នុងវត្តឧណ្ណាលោម បានប្រញាប់ឱ្យរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានប្រញាប់ថ្វាយលិខិតទៅសម្តេចមហាសង្ឃរាជ ទេព វង្ស ដើម្បីរកការបញ្ឈប់សកម្មភាពនេះ។
យោងតាមលិខិតរដ្ឋមន្ត្រីក្រសួងវប្បធម៌លោកជំទាវ ភឿង សកុណា កុដិបុរាណចំនួន ៣ គឺកុដ្ឋលេខ៤៣, លេខ៤៤ និងលេខ៤៥ ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ត្រូវបានគេរុះរើ និងវាយកម្ទេច គឺដើម្បីកសាងព្រះចេតិយ។
លិខិតរបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថាកុដិទាំបីនេះ ត្រូវបានក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ ។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌បានសរសេរថា « ក្រសួងមានការសោកស្តាយជាខ្លាំង…» ចំពោះករណីវាយកម្ទេចកុដិទាំង៣នោះ។ ក្រសួងបានថ្លែងថាការវាយកុដ្ឋិបុរាណនោះ នាំឱ្យមានការរិះគន់យ៉ាងផុសផុលពីមហាជនតាមបណ្តាញសង្គម។
លោកស្រីរដ្ឋមន្ត្រីបានទូលថ្វាយសម្តេព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ថា «សកម្មភាពនៃការរុះរើ និងវាយកម្ទេចកុដិចាស់ ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌បានថ្លែងថា « រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ ។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដដែល បានទូលថ្វាយសម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ ព្រះរាជមេត្តា បញ្ឈប់ការរុះរើ វាយកម្ទេចអគារនៃកុដ្ឋបុរាណនេះ ដោយសេចក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត ។
មន្ត្រីនាំពាក្យក្រសួងវប្បធម៌លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ បានប្រាប់អប្សរាណិតនាល្ងាចថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២ នេះថាគេនៅមិនទាន់បានទទួលការឆ្លើយតបណាមួយ ជុំវិញសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌នេះឡើយ។