ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះចាប់ផ្តើមបុកគ្រឹះនាដើមឆ្នាំក្រោយនេះ (Video Inside)
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ គ្រោងនឹងរៀបចំបើកការដ្ឋាននាដើមខែមករាឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជាក់ជុំវិញគម្រោងបើកការដ្ឋានសំណង់ស្ពាន និងការដ្ឋានផ្លូវថ្នល់នាភាពឥសានប្រទេសនេះ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
ការដ្ឋាននៃគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីស្គន់ដល់ក្រុងកំពង់ចាម គឺជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថាកាលពីសប្តាហ៍កន្លងមកនេះ, កម្ពុជានៅបានទទួលជំនួយឥណទានសម្បទានពី រដ្ឋាភិបាលកូរ៉េខាងត្បូងតម្លៃសរុប១ពាន់៨១៥លាន៩០ម៉ឺន៩ពាន់ដុល្លារ ដែលក្នុងនោះរួមមានទាំងជំនួយកសាងស្ពាន «មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រផងដែរ។
កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជួយឱ្យប្រទេសអស់ សង្គ្រាម និងមានសន្តិភាពពិតប្រាកដក្រោមនយោបាយឈ្នះឈ្នះនេះទេ ទើបមានឱកាស កសាង និងអភិវឌ្ឍន៍ប្រទេសបានលឿនទៅមុខ ដែលមិនធ្លាប់មានក្នុងសម័យអតីតកាល ឡើយ។