៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន៥៤ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្នុងរយៈពេល ៧២ម៉ោង ចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩ មានចំនួន ៥៤ករណី ដែលបន្តកើនឡើងច្រើនជាងសប្តាហ៍មុនជាងចំនួន ១៧ករណីថែមទៀត ។ តួលេខឆ្លងកូវីដ១៩ កាលពីសប្តាហ៍មុនមានតែចំនួន ៣៧ករណីនោះទេ ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។
យោងតាមក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ មានការឆ្លងចំនួន ១៦ករណី, ថ្ងៃអាទិត្យមាន ១៣ករណី និងនៅថ្ងៃច័ន្ទនេះ បានកើនដល់ ២៥ករណី ផងទៀត ។ តួលេខឆ្លងថ្មីទាំង ៥៤ ករណី នាវេលា៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជា នៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខ អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ២ពាន់ ២៧២នាក់ ដែលស្មើនឹង ៩៥,២០ ភាគរយ ៕