អូស្ត្រាលីផ្ដល់ជំនួយឥតសំណងមកកម្ពុជាចំនួន ៦៥លានដុល្លារអាមេរិក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រទេសអូស្ត្រាលីផ្ដល់ជំនួយឥតសំណងឱ្យកម្ពុជាចំនួន ៦៥លានដុល្លារអាមេរិក។ពិធីចុះហត្ថលខាលើឯកសារពាក់ព័ន្ធនេះ ធ្វើឡើងក្រោយអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង លោកប៉ាប្លូ កាង( Pablo Kang) ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia-Australia Partnership for Resilient Economic Development, CAP RED) Program នៅរសៀល ថ្ងៃទី១២ខែធ្នូ។

លោកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី អូស្ត្រាលីបានសម្រេច ផ្ដល់ហិរញ្ញប្បទានឥតសំណង សម្រាប់ជួយកម្ពុជាក្នុងវិស័យ សំខាន់ៗមួយចំនួន ដូចជា វិស័យកសិកម្ម និងការកែច្នៃ ផលិត ផលកសិកម្ម, ការគាំពារសង្គម, សកម្មភាពកំចាត់មីននៅកម្ពុជា, ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ថាមពលស្អាត និងការវិនិយោគបៃតង និងការជួយរៀបចំសេចក្ដីព្រាងឯកសារ គោល នយោបាយមួយចំនួនទៀត។

លោកឯកអគ្គរាជទូតអូស្រ្តាលីបានជម្រាបថា៖« កម្មវិធី CAP RED ត្រូវបានហិរញ្ញប្បទានតាមរយ:មូលនិធិ ពីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូត អូស្រ្តាលីប្រចាំនៅកម្ពុជា នូវហិរញ្ញប្បទានឥតសំណងចំនួន ប្រមាណ ៨៧លានដុល្លារអូស្រ្តាលី (ប្រមាណ ៦៥ លានដុល្លារ អាមេរិក) សម្រាប់រយៈពេល៥ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧»។

ឧបនាយករដ្ឋមន្រ្តីឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានអរគុណចំពោះ រដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបានជួយគាំទ្រដល់រាជ រដ្ឋា ភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម និងសុខមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយ:ការ ផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជា ឡើងវិញ ក្នុងពេលអន្តរកាលនេះ ។

លោកបានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះ ចំណងការទូតរវាងរាជរដ្ឋាភិបាល នៃប្រទេសទំាងពីរ ជាពិសេសតាមរយៈកិច្ចខិតខំរបស់លោក ឯកអគ្គរាជទូត Pablo Kang រហូតឈានដល់ការចុះហត្ថលេខា លើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Subsidiary Arrangement for CAP RED Program) នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកថា៖«កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារ គោល សម្រាប់រៀបចំយន្តការជាក់ស្ដែង ដើម្បីឈានដល់ ការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌរួមនៃការផ្ដល់ហិរញ្ញប្បទានឥតសំណង របស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា»។

កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាង វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ដោយផ្តោតលើ វិស័យ គោលចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធ; ២.ពាណិជ្ជកម្ម និងវិនិយោគ; ៣.កសិកម្ម និងកសិឧស្សាហកម្ម; និង ៤.យេនឌ័រ និងបរិយាប័ន្ន៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner