កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោករុស្ស៊ី ពិភាក្សាការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការ (Video Inside)
មេបញ្ជាកការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី បានចូលជួបសម្តែងការគួរសម។
ជំនួបរវាងមេញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយនឹងគណៈប្រតិភូក្រុមការងារកងទ័ពជើងគោករុស្ស៊ីដឹកនាំដោយនាយសេនាធិការរងកងទ័ពជើងគោករុស្ស៊ី លោកឧត្តមសេនីយ៍ទោ វ្លាឌីមៀរ ស្វ៊ីរីដូហ្វ Vladimir SVIRIDOV បានធ្វើឡើងនារសៀលថ្ងៃ ទី១៤ធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោករបស់កម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើ ការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដែលក្រុមការងារទាំងពីរសម្រេចបាននៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារភាគច្រើន នៃសេចក្តីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការ ក្នុងកម្រិតកងទ័ពជើងគោក។
លោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងថាវឌ្ឍនភាព នៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។
ជាការឆ្លើយតបឧត្តមសេនីយ៍ទោរុស្ស៊ីបានថ្លែងអំណរគុណកងទ័ពជើងគោកកម្ពុជា ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះ ឱ្យសម្រេចបានជោគជ័យ។
លោកឧត្តមសេនីយ៍រុស្ស៊ីដដែលបានបង្ហាញសុទិដ្ឋិនិយមចំពោះ សារៈសំខាន់ នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។