គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជាលើកចុងក្រោយ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មុន គ.ជ.ប សម្រេចដាក់ជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ គោលបំណងសំខាន់ នៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីទទួល និងស្តាប់ការបកស្រាយ និងលើអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ ការបកស្រាយលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងករណីចាំបាច់។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំថា កិច្ចពិគ្រោះយោបល់រវាងគ.ជ.ប ជាមួយតំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃនេះ គឺជាកិច្ចពិភាក្សាមួយ និងជាដំណាក់កាលចុងក្រោយ នៃការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធទៅលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងការអនុវត្តការងាររៀបចំការងារបោះឆ្នោតនេះ គឺក្រៅពីឯកសារគតិយុត្តិដែលជាច្បាប់ដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ពីការរៀបចំការ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ គ.ជ.ប តែងតែរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការអនុវត្តជាទូទៅក្នុងការប្រតិបត្តិការរៀបចំការបោះឆ្នោត។
ឯកឧត្តមបន្តថា នៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនេះ គ.ជ.ប តែងតែរៀបចំជាសេចក្រីព្រាង និងដាក់ជូនភាគីពាក់ព័ន្ធដើម្បីពិនិត្យ និងផ្តល់យោបល់ នោះមានន័យថា បទបញ្ជាដែលនឹងដាក់ឱ្យអនុវត្តប្រើប្រាស់ជាផ្លូវការ គឺជាបទបញ្ជាមួយនៅក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយពិសេសគឺគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោត។ មានគណបក្សនយោបាយចំនួន៥ និងអង្គការសមាគមមិនមែនរដ្ឋាភិបាលចំនួន៥ រួមទាំងស្ថាប័នជាតិចំនួន៥ បានផ្តល់យោបល់ត្រឡប់មកវិញ រួមជាមួយនឹងលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ទាំង២៥ផងដែរ។

អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ការលើកយោបល់នៅក្នុងសេចក្តីព្រាងបទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយពិសេសនៅថ្ងៃនេះ គឺគ.ជ.ប នឹងប្រមូលនៅធាតុចូលសំខាន់ៗបន្ថែមទៀត ទាក់ទងទៅនិងការផ្តល់យោបល់លើសេចក្តីព្រាង ដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនេះមានលក្ខណៈកាន់តែល្អប្រសើរឡើង ហើយងាយស្រួលងាយយល់នៅពេលអនុវត្តដើម្បីឱ្យកិច្ចការរបស់យើងកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
សូមជម្រាបថា គ.ជ.ប បានផ្ញើសេចក្តីព្រាងបទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទៅភាគីពាក់ព័ន្ធដើម្បីផ្ដល់អនុសាសន៍ ចំនួន១៣២ ដើម្បីស្នើសុំអនុសាសន៍ក្នុងរយៈពេល១៥ថ្ងៃ គឺពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះមាន៖ ក្រសួង ស្ថាប័ន អគ្គលេខាធិការដ្ឋាន និងស្ថានទូត ចំនួន១១ គណបក្សនយោបាយចំនួន៤៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥១ លធ.ខប ចំនួន២៥។ គ.ជ.ប បានទទួលអនុសាសន៍ត្រឡប់មកវិញ មានក្រសួង ស្ថាប័ន អគ្គលេខាធិការដ្ឋាន ចំនួន៥ គណបក្សនយោបាយចំនួន៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១០ លធ.ខប ចំនួន២៥៕
ដោយ៖ពលជ័យ
រូបភាព៖ពលជ័យ