សមាជិកក្លឹប Angkor Jet Ski បញ្ជាក់ថា ការចូលរួមប្រកួតកម្រិតអន្តរជាតិ គឺជាបទពិសោធន៍ថ្មីដ៏ល្អមួយ ត្រៀមស៊ីហ្គេម
ប៉ាតាយា៖ លោក គួច សុចិត្រា គ្រូបង្វឹកក្លឹប Angkor Jet Ski និងទទួលបន្ទុកផ្នែកបច្ចេកទេសគ្រឿងម៉ាស៊ីន បញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តការណ៍កីឡាម៉ូតូទឹកជើងឯកពិភពលោក (World Jet Ski Series) ជុំចុងក្រោយ ឆ្នាំ២០២២ គឺជាបទពិសោធន៍ដ៏ល្អ សម្រាប់ក្លឹប និងកីឡាករ ដកស្រង់បទពិសោធន៍ និងបច្ចេកទេសយកទៅចែករំលែក នៅកម្ពុជា។ នេះជាកាបញ្ជាក់របស់ លោក គួច សុភ័ក្រ្តា ពីទីក្រុងប៉ាតាយា ប្រទេសថៃ គ្រាដែលលោកដឹកនាំកីឡាករ១ម្នាក់ និងក្រុមការងារ៧នាក់ ចូលរួម។
លោកគ្រូបង្វឹករូបនេះ លើកឡើងទៀតថា នេះជាលើកទី១សម្រាប់ក្លឹប ដែលបានចូលរួមការប្រកួតកម្រិតពិភពលោក ដូច្នេះយើងមានចំនុចច្រើនត្រូវរៀនសូត្រ ទាំងការរៀបចំកម្មវិធី និងផ្នែកបច្ចេកទេសការជួសជុល ដោយសារតែវិស័យកីឡាមួយនេះ កម្ពុជាដើរក្រោយគេបន្តិច គេមានអ្នកជំនាញច្រើន គេរៀបចំកម្មវិធីច្រើនដងក្នុងមួយឆ្នាំៗ សម្ភារ និងគ្រឿងបរិក្ខារក៏ទំនើបផងដែរ។ ជាមួយគ្នាលោក គួច សុភ័ក្រ្តា ក៏បានថ្លែងអំណរគុណដល់ក្លឹប Flamingo និងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដែលបានជួយសម្របសម្រួលអោយកីឡាករ និងក្រុមការងារបន្តស្នាក់នៅសិក្សាស្វែងយល់ពីច្បាប់ ឬបទបញ្ជាការប្រកួត ការរៀបចំកម្រិតអន្ដរជាតិ ការជួសជុល ដើម្បីយកមកអនុវត្តជាក់ស្ដែង ក្នុងនាមជាគ្រូបង្វឹក ឬអ្នកបច្ចេកទេសផ្នែកគ្រឿងម៉ាស៊ីន សម្រាប់សហព័ន្ធ ឬកីឡាករ ក្នុងការប្រកួតថ្នាក់ជាតិ ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ។
ដោយឡែកកីឡាករវ័យក្មេង តាត់ ទិត្យរិទ្ធី បានបញ្ជាក់ថា ការចូលរួមលើកដំបូងមានការពិបាក ដោយសារបទពិសោធន៍ប្រកួតតិចតួច ហើយជួបកីឡាកររៀមច្បង និងកីឡាករអន្តរជាតិខ្លាំងៗ ហើយក៏មិនស្មានថាបានចូលរួមកម្មវិធីកម្រិតពិភពលោកបែបនេះដែរ។ កីឡាករវ័យក្មេងរូបនេះ ប្តេជ្ញាចិត្តខ្ពស់ថា ខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម លើវិញ្ញាសា Novice Runabout 1100 Stock ដើម្បីដណ្តើមយក មេដាយជូនជាតិ ប្រសិនបើសហព័ន្ធផ្តល់ឪកាសចូលរួមការប្រកួតថ្នាក់ជាតិ ឬកម្រិតអន្តរជាតិនាពេលក្រោយ។
លោក ប៊ូ វិរៈ អគ្គលេធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បញ្ជាក់ថា តាត់ ទិត្យរិទ្ធី គឺជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យ និងសមត្ថភាពល្អ ដែលសហព័ន្ធជ្រើសរើសពីការប្រកួតកីឡាជាតិ លើកទី៣កន្លងទៅថ្មីៗនេះ យកមកហ្វឹកហាត់ជាមួយក្លឹប Flamingo បន្ទាប់ពីទទួលបានការអនុញ្ញាតិលោក Karl Heinrich Knauf ដែលម្ចាស់ក្លឹប នឹងជាបេក្ខភាពជម្រើសរើសជាតិ ត្រៀមប្រជែងមេដាយជូនកម្ពុជា ពីស៊ីហ្គេម ឆ្នាំ២០២៣ ប្រសិនបើការហ្វឹឹកហាត់ល្អ និងសិទ្ធផលមានការរីកចំរើន រីឯក្រុមជាងវិញក៏សហព័ន្ធធ្វើការបណ្តុះបណ្តាលដូចគ្នា។
សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Series) ជុំចុងក្រោយ ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ មានអត្តពលិកជាង ២,០០០នាក់ មកពី៦៥ប្រទេសចូលរួម ដោយឡែក កម្ពុជាបានបញ្ជូនកីឡាករ៧រូប និងមន្រ្តីបច្ចេកទេស៨រូប ចូលរួម និងប្រតិភូដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា៕ ចាន់ វិចិត្រ

