មាន៧ប្រទេសចូលរួមប្រកួតកីឡាចំបាប់អាស៊ីអាគ្នេយ៍ ខណៈម្ចាស់ផ្ទះកម្ពុជា រំពឹងឈ្នះមេដាយលើសពី១០គ្រឿង

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា នាយកសាលា CamEd Business School និងជាប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នយ៍បានថ្លែងបើកការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២២ នៅភ្នំពេញ គឺជាការត្រៀមខ្លួនឲ្យកាន់តែរឹងមាំ ទាំងការរៀបចំ និងការប្រកួតប្រជែងមេដាយ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកគូសបញ្ជាក់ថា ឆ្នាំ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាកិត្តិយសជា ប្រវត្តិសាស្ត្រមួយទៀត ក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។

លោក ខេស៊ី បាណេត បន្ថែមថា ព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការីនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡានេះ មានគោលបំណងជួយលើកកម្ពស់ អប់រំ សុខមាលភាពផ្លូវកាយ ផ្លូវចិត្ត និងបច្ចេកទេសដល់កីឡាករ កីឡាការិនី ទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួត ហើយដែលជាឱកាសផ្តល់នូវមេរៀនបទពិសោធដ៏ល្អៗ។ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលព្រឹត្តិការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ។

ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្ដល់ឱកាសល្អ សម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ក្នុងនាមប្រធានសហព័ន្ធកីឡាចំបាប់អាស៊ាន លោកបានថ្លែងអំណរគុណដល់បណ្តាប្រទេសនានា ដែលបានចូលរួមនៅវគ្គសិក្សា IT វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម វគ្គគ្រូបង្វឹក វគ្គបោះជុំរំហ្វឹកហាត់ ដែលបានសហការជាមួយជំនាញ UW Expert និងគណៈកម្មការរៀបចំប្រកួត គណៈកម្មាធិការបច្ចេកទេស និងផ្នែកពាក់ព័ន្ធទាំងអស់ក្នុងគោលបំណងអភិវឌ្ឍកីឡាមួយនេះឱ្យរីកចម្រើនទៅមុខ និងប្រសើរសម្រាប់សហព័ន្ធកីឡាចំបាប់កម្ពុជា។
ជាមួយគ្នានេះ លោកក៏បានសម្តែងនូវអំណរចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC NOCC និងសហព័ន្ធកីឡាចំបាប់ពិភពលោក ព្រមទាំងស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតនេះជាមួយសហព័ន្ធកីឡាចំបាប់កម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner