ឧត្តមសេនីយ៍ទោ ជាម សុភា៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកវាយសីកម្រិត១ផ្តោតសំខាន់លើការបណ្តុះធនធានតាមក្លិបនិងមន្ទីរ ដើម្បីពង្រីកវិសាលភាពកីឡាវាយសីទៅកាន់បណ្តាលខេត្ត
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងឲ្យដឹង នាព្រឹកថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២២ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាថា វគ្គសាមគ្គីអូឡាំពិកស្តីអំពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ ឆ្នាំ២០២២នេះ មានសិក្ខាកាមដែលជាក្លិបក្រោមចំណុះរបស់សហព័ន្ធនិងមន្រ្តីមន្ទីរអបរំយុវជននិងកីឡាចូលរួមចំនួន២៥នាក់ ក្នុងនោះសក្ខាកាមជានារី៨នាក់ មកពី៨រាជធានីខេត្ត។
អគ្គលេខាធិការធិការរូបនេះ បានបញ្ជាក់ទៀតថា វគ្គសាមគ្គីអូឡាំពិកស្តីអំពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ឆ្នាំ២០២២នេះ ទទួលបានការឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិក ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ដែលសហមាសភាពគ្រូឧទ្ទេសប្រចាំវគ្គមកពីសហព័ន្ធកីឡាវាយសីអាស៊ី ។
អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាល រៀបចំឡើងមិនផ្តោតទៅលើការត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣នោះទេ ពោលការរៀបចំក្នុងគោលដៅបណ្តុះបណ្តាលធនធានគ្រូបង្វឹកតាមបណ្តាក្លិប និងមន្រ្តីមន្ទីរអបរំយុវជននិងកីឡា ដើម្បីពួកគាត់ទទួលបានចំណេះជំនាញពាក់ព័ន្ធនិងវិធីសាស្ត្រនៃការបង្ហាត់បង្រៀនកីឡាវាយសីយកទៅចែករំលែកបន្តដល់កីឡាករកីឡាការិនីវ័យក្មេងតាមបណ្តាលខេត្ត ដើម្បីពង្រីកនិងអភិវឌ្ឍធនធានបន្តវេនឆ្លើយតមចំពោះការប្រកួតប្រជែងនៅក្នុងស្រុកនិងលើឆាកអន្តរជាតិនៅពេលអនាគត។
សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីអំពី គ្រូបង្វឹកកីឡាវាយសីកម្រត១ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិក សហការរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា មានរយៈ៨ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន២៥ បង្ហាត់ដោយគ្រូឧទ្ទេស លោក Sam benthan ជនជាតិម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់របស់សហ័ន្ធកីឡាវាយសីអាស៊ី សិក្សាលើជំនាញបង្ហាត់បង្រៀនកីឡាវាយសីកម្រិតដំបូងដែលជាកម្រិត១ ក្នុងនោះមានអនុវត្តន៍ផ្ទាល់លើទីលាន និងសិក្សាអំពីទ្រឹស្តី៕ អត្ថបទ៖ ជាវ ចន្ធូ


