ប្រធានក្រុមប្រឹក្សាភិបាល ៖ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ,ការរីកចម្រើនកាន់តែលឿន
ភ្នំពេញ៖ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានមានប្រសាសន៍ថា រយៈពេលដ៏លំបាកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានឈានដល់ទីបញ្ចប់ហើយ ។យើងកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ការរីកចម្រើនកាន់តែលឿននិងពង្រីកការហោះហើរ
បន្ថែម។ឯកឧត្តមបានលើកឡើងដូច្នេះនៅក្នុងកម្មវិធីជួបជុំបុគ្គលិកនិងដៃគូអាជីវកម្មទាំងរដ្ឋនិងឯកជននិងផ្សព្វផ្សាយផែនការអាជីវកម្ម ឆ្នាំ២០២៣ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែនៅថ្ងៃនេះ។

មានប្រសាសន៍ទៅកាន់អង្គពិធីឯកឧត្តម តឹករ៉េត សំរេច បានរំលឹកថា ជំងឺកូវីដ-១៩បានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិនិងឧស្សាហកម្មអាកាសចរណ៍ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាមានការលំបាកក្នុងការធ្វើប្រតិបត្តិការហោះហើរនិងខ្លះត្រូវបានក្ស័យធនផងដែរ។ ដោយមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ អាចរក្សាបាននូវប្រតិបត្តិការហោះហើរ និងបានពង្រីកការហោះហើរបន្ថែម ជាពិសេសទទួលបានជោគជ័យបំផុតសម្រាប់ការហោះហើរពីភ្នំពេញទៅកាន់ក្រុងហូជីមិញប្រទេសវៀតណាម និងភ្នំពេញ ទៅកាន់ក្វាងចូវ នៃប្រទេសចិន។ ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានពង្រីកការផ្តល់សេវាកម្មដឹកទំនិញបន្ថែមទៀតរួមមាន សម្ភារៈបរិក្ខារពេទ្យ និងថ្នាំពេទ្យជាដើម។
ឯកឧត្តមបានបញ្ជាក់ដោយសុទិដ្ឋិនិយមថា៖“រយៈពេលដ៏លំបាកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែររបស់យើងបានឈានដល់ទីបញ្ចប់ហើយ។យើងកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ការរីកចម្រើនកាន់ តែលឿន និងពង្រីកការហោះហើរបន្ថែមដោយនាំយកនូវវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក”។
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានបន្តថាក្រោយជំងឺកូវីដ១៩ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរគឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ត្រូវបានបង្កើតឡើងក្រោមទម្រង់ចម្រុះរដ្ឋនិងឯកជន។ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ជាតិនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ១៤ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ទីក្រុងហាណូយ ហូជីមិញ ដាណាំង ប៉េកាំង សៀងហៃ ក្វាងចូវ ហៃគូ ណាននីង ចិនចូវ ហាំងចូវ ម៉ាកាវ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ជាតិឈានមុខ គេនៅកម្ពុជានិងជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាពពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់ អង្គការនេះចាប់ឆ្នាំ២០១៧ដែលធ្វើឱ្យក្រុមហ៊ុន ទទួលបាននូវការទទួលស្គាល់ពីសុវត្ថិភាពជាលក្ខណៈអន្តរជាតិនិងទទួលបានការគាំទ្រពីអ្នកដំណើរនិងដៃគូនានាទាំងក្នុងប្រទេស និងអន្តរជាតិចាប់ពីឆ្នាំ២០២០ មក។
ឯកឧត្តមបានរំលេចឱ្យឃើញថានៅដើមឆ្នាំ២០២២នេះភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួន១,៥៧ លាននាក់ ស្មើនឹង១០ដងធៀបនឹងឆ្នាំ២០២១ ជាពិសេសខេត្តសៀមរាបទទួលភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិសរុបចំនួន១,៨លាននាក់ កើនឡើង៨ដង ធៀបនឹងឆ្នាំមុន (យោងតាមតួលេខរបស់ក្រសួងទេសចរណ៍)។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបន្ថែមការហោះហើរជាច្រើនទៅកាន់ខេត្តសៀមរាប ខេត្តព្រះសីហនុ ទីក្រុងហូជីមិញ ,ខេត្តដាណាំង ,ទីក្រុងហាណូយ នៃប្រទេសវៀតណាម, ខេត្តចិនចូវ ទីក្រុងណាននីង នៃប្រទេសចិន ។

ឯកឧត្តមបន្ថែមថា នៅឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែររំពឹងថាអ្នកដំណើរនិងកើនឡើងចំនួន ២១៤ ០០០នាក់។ ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនទាំងអស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានគោលបំណងអភិវឌ្ឍការហោះហើររបស់ខ្លួន ដោយគ្របដណ្តប់លើគោលដៅ ដែលមានសក្តានុពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងជាពិសេសទីផ្សាររបស់ប្រទេសចិន តាមរយៈការអភិវឌ្ឍគម្រោង «កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តហោះហើរផ្លូវសូត្រ ហឺណាន-កម្ពុជា -អាស៊ាន» (Henan-Cambodia-ASEAN-Air Silk Road Strategic Cooperation Agree ment) ហើយក្រុមហ៊ុនគ្រោងនឹងបង្កើតទីស្នាក់ការកណ្តាលទីពីរនៅក្នុងប្រទេសចិន។
ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់ថា ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងពង្រីកបន្ថែមនូវការហោះហើរជាច្រើនទៀតទៅកាន់ទីក្រុងហៃគូ ហាំងចូវ សៀងហៃ ប៉េកាំង នៃប្រទេសចិន និងសិង្ហបុរី ដែលអាចមានអ្នកដំណើរកើនឡើងចំនួន៦៥០ ០០០នាក់ ប្រមាណជិត១០ ០០០ ជើង និងបាននាំយកនូវយន្តហោះថ្មី ATR72 មួយគ្រឿង និង Airbus A320 មួយគ្រឿង៕ដោយ៖ទីណា
