បើកកិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក
ភ្នំពេញ៖ ក្រុមមន្រ្តីពាក់ព័ន្ធសម័យប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC Angkor / Sambor Prei Kuk)។
ពិធីនេះបានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងសហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបរិស្ថានបានឱ្យដឹងថា៖កិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនេះដែរបានពិនិត្យ ពិភាក្សាទៅលើរបាយការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក ការអភិរក្សជួសជុល ការស្រាវជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។ ក្នុងនោះដែរ ក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២៖ ១.រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) ២. អាជ្ញាធរជាតិអប្សរា និង ស្ថាប័នJASA ជប៉ុន។
ក្រៅពីនេះក្រុមការងារក្រសួងបរិស្ថាន ក៏បានធ្វើបទបង្ហាញមួយចំនួនស្ដីពី៖
១.វឌ្ឍនភាពនៃការគ្រប់គ្រង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
២.វឌ្ឍនភាព និងទិសដៅការងាររបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន៕ដោយ៖ម៉ាដេប៉ូ






