ឯកឧត្តម ហ៊ុន ម៉ាណែត ៖ សាររបស់លោក សម រង្សី គឺស្មើនឹងរិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត
ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរនៅលេីបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៦ ខែធ្នូថា “ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ!!! ដែលហ៊ានចេញសារលើបណ្តាញសង្គមរបស់ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោពាក់ព័ន្ធករណីក្លែងបន្លំតួនាទីជាប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពីអណត្តិរបស់ប្រធានអាស៊ានផង”។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា “សាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទីជាប្រធានអាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។”
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា”និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថាមានតែគាត់ទេដែលឆ្លាតវៃជាងគេ ហើយយល់អំពីអណត្តិរបស់ប្រធានអាស៊ានច្បាស់ជាងប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។
ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅតែហួសចិត្តដែលគាត់អាចសរសេរសារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈជាភាសាខ្មែរ និងភាសាអង់គ្លេសអោយបរទេសអាចអានទៀត”។
ក្រុមមេធាវីរាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ មានការហួសចិត្តយ៉ាងខ្លាំងហួសពីការស្មានចំពោះជនអន្ធពាលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបង្ហាញនូវភាពល្ងង់ខ្លៅ អវិជ្ជាហួសកម្រិតរបស់ខ្លួន និងបន្តបំភ្លៃ ប៉ុនប៉ងភូតកុហកបោកប្រាស់មហាជនជាដរាប តាមរយៈការសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លួចប្រើឈ្មោះជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ទទួលជាផ្លូវការ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល ស្តីពីអាណត្តិរបស់ប្រធានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នយ៍ ហៅកាត់ថា “អាស៊ាន” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា យោងតាមធម្មនុញ្ញអាស៊ាន ឋានៈជាប្រធានអាស៊ាន ត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះ ជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក ” ក្នុងរយៈពេលពេញមួយឆ្នាំប្រតិទិន ” ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែមករា នៃឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែលនោះ ។ ការប្រគល់ញញួរប្រធានអាស៊ាន ដែលធ្វើឡើងនៅមុនចប់ដំណាច់ ឆ្នាំប្រតិទិននោះ គ្រាន់តែជាការប្រគល់ទុកជាមុនជានិមិត្តរូប ក្នុងខណៈពេលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្តែពុំមែនមានន័យជាការសម្គាល់ថា ចប់អាណត្តិរបស់ប្រធានអាស៊ានកំពុងកាន់តំណែង ដែលប្រគល់ញញួរជាមុន ទៅជូនប្រធានថ្មីបម្រុងនោះឡើយ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបានបន្តថា ឋានៈជាប្រធានអាស៊ានរបស់ សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទើបចប់អាណត្តិ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ទង្វើរបស់ទណ្ឌិតមេឧបឃាត សម រង្ស៊ី មិនត្រឹមតែឆ្លុះបញ្ចាំងនូវភាពល្ងិតល្ងង់ហួសប្រមាណរបស់ខ្លួន និង ការបន្តចរិតមារយាទបំភាន់នូវសច្ចភាពតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ ឯកឧត្តម EMMANUEL MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងបណ្តាប្រទេសនៅអឺរ៉ុប ស្នងការអឺរ៉ុប សភាអឺរ៉ុប និងរដ្ឋម្ចាស់ផ្ទះ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងពេញលក្ខណៈការទូត ស្របតាមនិយាមច្បាប់ អន្តរជាតិ ចំពោះ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ហើយក៏មើលងាយមើលថោក បន្ទុះបង្អាប់ចំពោះថ្នាក់ ដឹកនាំ និងប្រជាជន នៃបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ រួមទាំង ឯកឧត្តម JOKO WIDODO ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចូលរួមជាសមាជិកអាស៊ាន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ជាប្រធាន៕ ដោយៈ ពលជ័យ


