ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត​៖តួនាទីមិនអាចអាចខ្វះបាននៃវិស័យឯកជននៅក្នុងការចូលរួមបណ្តុះបណ្តាលនិងបង្កើតធនធានមនុស្សកម្ពុជា

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យឯកជនមានតួនាទីមិនអាចអាចខ្វះបាននៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖តួនាទីមិនអាចអាចខ្វះបាននៃវិស័យឯកជននៅក្នុងការចូលរួមបណ្តុះបណ្តាលនិងបង្កើតធនធានមនុស្ស កម្ពុជា

ឯកឧត្តមបានបន្តថាជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ,រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់លើផ្នែកមួយទៀត គឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ព្រោះថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែប្រជាពលរដ្ឋរបស់ខ្លួនមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូរណ៍។ សុខភាពល្អបរិបូណ៌នេះ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល និងជាកត្តាចាំបាច់មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍជាតិ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិក គ្រប់ជាន់ថ្នាក់ ដែលបានជួយឱ្យសាកលវិទ្យាល័យមានការអភិវឌ្ឍរីកចម្រើនរហូតពង្រីកសាខាទៅតាមបណ្តាខេត្តដូចបច្ចុប្បន្ន ព្រមជាមួយនឹងការប្រកាន់ខ្ជាប់ និងអនុលោមតាមនិយាមកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ។ ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងទាំងមូល សាកលវិទ្យាល័យ បានពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនក្នុងបេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព និងកិត្យានុភាព ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងទិសដៅឆ្លើយតបទៅនឹងតម្រូវការ និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចក្នុងយុគសម័យនៃបដិវត្តន៍ឧហ្សាហកម្មជំនាន់ទី ៤ និងឌីជីថលរូបនីយកម្ម ក្រោមកិច្ចសហការជាមួយស្ថាប័ន, អង្គភាព និងដៃគូក្នុងរាជរដ្ឋាភិបាល, វិស័យឯកជន និងក្រៅប្រទេស ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានរំឭកនិងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធរបស់ ឯកឧត្តមសាស្ត្រាចារ្យ អ៊ួន សាបូ ដែលជាអតីតសាកលវិទ្យាធិការទី១ នៃសាកលវិទ្យាល័យអន្តរជាតិ ដែលលោកតែងមានទស្សនៈវែងឆ្ងាយក្នុងការលើកស្ទួយវិស័យអប់រំ តាមរយៈការផ្តួចផ្តើមកសាងមូលដ្ឋាននៃសមិទ្ធផលទាំងនេះ ឱ្យបានរីកចម្រើនលូតលាស់សម្រាប់បណ្តុះពុទ្ធិដល់កូនខ្មែរជំនាន់ក្រោយៗ ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមធ្វើការលើកទឹកចិត្តបន្ថែមទៀតដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិគ្រប់កម្រិតនិងគ្រប់ផ្នែក បន្តយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សារបស់ខ្លួនឱ្យស្របតាមស្តង់ដារកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ទាំងក្នុងវិស័យសុខាភិបាល និងក្រៅវិស័យសុខាភិបាល ដែលសាកលវិទ្យាល័យអន្តរជាតិកំពុងអនុវត្តនៅតាមសាខារបស់ សាកលវិទ្យាល័យដែលមានស្រាប់ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះឡើយ៕ ដោយ៖ពលជ័យ

ads banner