កម្ពុជាឈ្នះមេដាយ ៦គ្រឿង នៅថ្ងៃបើកឆាក ខណៈវៀតណាម និងឥណ្ឌូនេស៊ី ឈរកំពូលតារាងឈ្នះមេដាយមាស ៤ ដូចគ្នា
ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់លើវិញ្ញាសាក្រិចកូរ៉ូម៉ាំង លើ១០ប្រភេទទម្ងន់ ខណៈម្ចាស់ផ្ទះកម្ពុជាមេដាយដណ្ដើយមេដាយសរុប ៦គ្រឿង មាស១ និងប្រាក់៥ រីឯវៀតណាម និងឥណ្ឌូនេស៊ី ឈរកំពូលតារាងឈ្នះ មេដាយមាស ៤គ្រឿងដូចគ្នា ។

ការប្រកួត លើវិញ្ញាសាក្រិចកូរ៉ូម៉ាំង ១០ប្រភេទទម្ងន់ មាន៥៥គីឡូក្រាម, ៦០គីឡូក្រាម, ៦៣គីឡូក្រាម, ៦៧គីឡូក្រាម, ៧២គីឡូក្រាម, ៧៧គីឡូក្រាម, ៨២គីឡូក្រាម, ៨៧គីឡូក្រាម, ៩៧គីឡូក្រាម និងប្រភេទទម្ងន់ ១៣០គីឡូក្រាម ។

ចំពោះលទ្ធផលតារាងមេដាយបណ្ដោះអាសន្ន អត្តពលិកកីឡាចំបាប់វៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង មាស៤ និងប្រាក់៦ លេខ២ឥណ្ឌូនេស៊ី ឈ្នះមេដាយសរុប ៦គ្រឿង (មាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១) ។ លេខ៣ ថៃ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ និងម្ចាស់ផ្ទះកម្ពុជា ឈរលេខ៤ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៥ ។ រីឯហ្វីលីពីន ឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ ២ ឈរលើឡាវ និងសិង្ហបុរី ដែលពុំទាន់ឈ្នះមេដាយអ្វីឡើយ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដំណើរការប្រកួតផ្លូវការយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៦-១៨ ខែធ្នូ ដោយមានអត្តពលិកសរុប ១១៥នាក់ មកពី ៧ប្រទេសចូលរួម ប្រកួតលើ៣វិញ្ញាសា ក្រិចកូរ៉ូម៉ាំង ចំបាប់សេរីបុរស-នារី ក្នុង១វិញ្ញាសា មាន១០ប្រភេទទម្ងន់ដូចៗគ្នា ។ ការប្រកួតនេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ Pre-SEA Games សម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ៕ ចាន់ វិចិត្រ


