សត្វក្រៀលតែងបង្ហាញវត្តមានរស់នៅខេត្តចំនួន៣នៅកម្ពុជាគឺ បន្ទាយមានជ័យ ,កំពត និងតាកែវ
ភ្នំពេញ៖ សត្វក្រៀលគឺជាសត្វដ៏កម្រនៅលើពិភលោក និងសត្វទាំងនេះក៏កំពុងមានវត្តមាននៅកម្ពុជាផងដែរក្នុងនេះគេតែងឃើញវាកំពុងរស់នៅក្នុងទឹកដីខេត្តចំនួន ៣គឺ ខេត្តបន្ទាយមានជ័យ, កំពតនិងតាកែវ។
បើតាមក្រសួងបរិស្ថានបានឱ្យដឹងថាសត្វក្រៀលចំនួន ២៦ក្បាលដែលវា បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវហើយបានមករស់នៅរហូតមកដល់ពេលនេះ ។
ជាមួយគ្នានេះក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងការតាមដាន និង ការពារទីជម្រកសត្វក្រៀលកំពុងរងគ្រោះជិតផុតពូជនេះ ។
ដោយឡែកបើយោងតាមលទ្ធផលជំរឿនសត្វក្រៀលឆ្នាំ២០២០ កម្ពុជា មានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ ចំនួនសត្វក្រៀល មានការធ្លាក់ចុះនៅសល់តែ ១៦៤ក្បាល ហើយនៅឆ្នាំ២០២២នេះ របាយការណ៍បណ្តោះអាសន្ន ចំនួនសត្វក្រៀលបា បន្តធ្លាក់ចុះនៅសល់ត្រឹមជាង ១៥០ក្បាលទេ។
យោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វក្រៀលនៅលើពិភពលោកសព្វថ្ងៃនេះ មានចន្លោះពី ១៣០០០ ទៅ ១៥០០០ ក្បាល ដែលរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជា។ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា សត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖ សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូណ៌ចំណីនេះពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈ នៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។
ក្រសួងបរិស្ថានក៏បាននិងកំពុងធ្វើការជាមួយអង្គការដៃគូ ដើម្បីអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវា ដោយមានមន្ត្រីឧទ្យានុរក្សចុះល្បាតជាប្រចាំកន្លែងដែលសត្វក្រៀលរស់នៅ សិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ដីសើមដែលបានកំណត់។ ចូលរួមការពារ តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ទាំងអស់គ្នា ៕ ដោយ៖ ម៉ាដេប៉ូ