ប្រជាជនស្រីលង្កាជាង ៣០០,០០០នាក់ចាកចេញទៅធ្វើការនៅក្រៅប្រទេស ក្នុងឆ្នាំ២០២២នេះ
កូឡុំបូ៖ រដ្ឋមន្ត្រីមួយរូបរបស់ប្រទេសស្រីលង្កា បាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា គិតមកទល់ពេលនេះ ប្រជាជនស្រីលង្កាប្រមាណជាង ៣០០,០០០នាក់បានចាកចេញពីប្រទេស ដើម្បីទៅធ្វើការងារនៅបរទេស។
ថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធទិវាជនចំណាកស្រុកអន្តរជាតិ រដ្ឋមន្ត្រីក្រសួងការងារបរទេស និងពលកររបស់ស្រីលង្កា លោក Manusha Nanayakkara បាននិយាយថា នេះគឺជាចំនួនខ្ពស់បំផុតនៃប្រជាជនស្រីលង្កាដែលចាកចេញទៅធ្វើការនៅបរទេសក្នុងប្រវត្តិសាស្ត្រ ក្រោយឯករាជ្យរបស់ខ្លួន។ លោករដ្ឋមន្ត្រីបាននិយាយថា ប្រាក់ផ្ញើដែលពួកគេផ្ញើ នឹងជួយស្រីលង្កា យកឈ្នះលើវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ លោកថា ការផ្ញើប្រាក់ ផ្ញើដោយពលករបរទេសស្រីលង្កាទៅបរទេសបានកើនឡើងដល់ ៣៨៤,៤លានដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា តួលេខខាងលើនេះបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយការផ្ទេរប្រាក់សរុបក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២នេះ មានចំនួនជាង ៣.៣ពាន់លានដុល្លារ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា



