អភិបាលខេត្តព្រះសីហនុផ្អាកចរាចរណ៍ផ្លូវទឹកបណ្ដោះអាសន្នព្រោះអាកាសធាតុអាក្រក់
ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុផ្អាកចរាចរណ៍ផ្លូវទឹកជា បណ្ដោះអាសន្ននៅចំពោះមុខអាកាសធាតុដ៏អាក្រក់។នេះបើ តាម សារជាសំឡេងរបស់អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាទៅដល់អភិបាលក្រុងកោះរ៉ុង ស្នងការ និងរួមជាមួយអ្នកពាក់ព័ន្ធនឹងទូក កាណូត ទាំងអស់ សូមមេត្តាផ្អាកការធ្វើដំណើរនៅតាមផ្លូវទូកជាបណ្ដោះអាសន្ន ដោយសារស្ថានភាពខ្យល់មានការបក់បោកខ្លាំង។
ទោះជាយ៉ាងណាក្ដីបទបញ្ជាឱ្យផ្អាកចរាចរណ៍តាមទឹកនេះនៅជាធរមាននៅឡើយគិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២២នេះ។
អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង គឺលោក ហេង គីមអាន បាន ប្រាប់ថាមកទល់ថ្ងៃត្រង់ថ្ងៃទី១៩ខែធ្នូ ស្ថានភាពខ្យល់នៅ តំបន់កោះរ៉ុង ស្ងប់ស្ងាត់ជាបណ្ដើរៗប៉ុន្តែអាជ្ញាធរនៅមិន អនុញ្ញាត ឱ្យទូកធ្វើចរាចរណ៍នៅឡើយ ដោយមិនទាន់មានទំនុក ចិត្ត។លោកបន្តថា ទោះមានខ្យល់បក់បោកខ្លាំងក៏ដោយ ប៉ុន្តែ មិនទាន់មានអ្នករងគ្រោះ ដោយសារខ្យល់បក់បោកនេះឡើយ នៅតំបន់កោះរ៉ុង។
លោក ហេង គីមអាន បានបញ្ជាក់ថា៖ «យើងរង់ចាំ គោលការណ៍ ពីលោក អភិបាលខេត្ត ទើបអាចចេញទៅក្រៅ នឹងអាចមានការធ្វើដំណើរតាមផ្លូវទឹកបាន គ្រាន់តែយើង តាមដានសិនឲ្យមានភាពល្អប្រសើរ»។
គិតត្រឹមថ្ងៃទី១៩ខែធ្នូអាជ្ញាធររកឃើញថា ខ្យល់កន្ត្រាក់បាន ធ្វើឱ្យខូចខាតផ្នែកខ្លះនៃផ្ទះសម្បែងពលរដ្ឋអស់ប្រមាណ ២០៤៩ខ្នងផ្ទះហើយ ក្នុងនោះខ្យល់បោកផ្ដួលផ្ទះប្រជាពលរដ្ឋ អស់ ២៩ខ្នង។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់នៅក្នុងសារសំឡេងថា អាជ្ញាធរនឹងពិនិត្យមើលទៅតាមស្ថានភាពជាក់ស្ដែង បើសិន ជាដូចក្នុងការព្យាករណ៍អាកាសធាតុ នោះប្រជាពលរដ្ឋមិន គួរមានការធ្វើដំណើរទេ ត្រូវតែផ្អាកការធ្វើចរាចរណ៍បណ្ដោះ អាសន្នសិន ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ឯកឧត្តម គួច ចំរើន ថា៖ «លោកស្នងការ លោកអភិបាលក្រុង កោះរ៉ុង និងអ្នកដែលមានការពាក់ព័ន្ធជាមួយទូក កាណូត ដោយសារស្ថានភាពខ្យល់ខ្លាំង។ ដូច្នេះសុំធ្វើការផ្អាកការ ធ្វើ ដំណើរតាមផ្លូវទូកជាបណ្ដោះអាសន្ន »៕
ដោយ៖ ជា សុខនី