ជប៉ុនសន្យាជួយកងមួកខៀវកម្ពុជា ធ្វើម្ចាស់ផ្ទះហ្វឺកហ្វឺនប្រើគ្រឿងចក្រ អង្គការសហប្រជាជាតិឆ្នាំ២០២៧ (Video Inside)
ជប៉ុនបានសន្យាផ្តល់ជំនួយដល់ទ័ពមួកខៀវកម្ពុជា សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះហ្វឺកហ្វឺនប្រើ គ្រឿងចក្រអង្គការសហប្រជាជាតិឆ្នាំ២០២៧។ អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាលោក តានីណៃ អ៊ីឈីតូម៉ូ បានបញ្ជាក់នូវការសន្យានេះនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២ ក្នុងកិច្ចពិភាក្សាមួយជាមួយអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ។
កម្ពុជានឹងត្រៀមសម្រេចគោលដៅជាប្រទេសដែលអស់មីននៅក្នុងឆ្នាំ២០២៥។ ការតៀមធ្វើជាម្ចាស់ផ្ទះហ្វឹកហ្វឺនប្រើគ្រឿងចក្រអង្គការសហប្រជាជាតិនេះ គឺនៅបន្ទាប់ពីកម្ពុជានឹងក្លាយជាប្រទេសដែលគ្មានមីនពិតប្រាកដក្រោមចក្ខុវិស័យដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីទូតលោក តានីណៃ អ៊ីឈីតូម៉ូ បានថ្លែងថាជប៉ុន នឹងផ្តល់ការបណ្តុះបណ្តាល ដល់កងកម្លាំងមួកខៀវកម្ពុជា និងបញ្ជូនក្រុមការងារដែលមានជំនាញខាងវិស្វកម្មមកកម្ពុជា ដើម្បីពិភាក្សាលើការរៀបចំវគ្គហ្វឹកហ្វឺនដល់កងកម្លាំងមួកខៀវកម្ពុជា ដែលនឹងត្រៀមធ្វើជា ម្ចាស់ផ្ទះរៀបចំហ្វឹកហ្វឺនត្រីភាគី ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នៅឆ្នាំ២០២៧។
មន្ត្រីទូតជប៉ុន បានកោតសរសើរកងទ័ពមួកខៀវកម្ពុជាដែលបានបំពេញបេសកកម្មនៅក្រៅ ប្រទេសនិងបានថ្លែងរំពឹងថា ជប៉ុននឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនក្នុង វិស័យរក្សាសន្តិភាព ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការវិស័យបោសសំអាតមីននៅកម្ពុជា។
យោងតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី គម្រោងហ្វឹកហ្វឺនក្នុងឆ្នាំ២០២៧ គឺក្នុងគោលបំណងផ្តល់ការគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំង ឱ្យធ្វើការចល័តបានយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់។ គម្រោងនេះផងទៀត ត្រូវគេបញ្ជាក់ថាជាគម្រោងត្រូវផ្តួចផ្តើមដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo ABE នាកិច្ចប្រជុំកំពូលមួយស្តីពីការរក្សាសន្តិភាព នៅទីបញ្ជាការអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០១៤។