CDC ផ្តល់វិញ្ញាបនបត្រក្រុមហ៊ុន៤ ដែលបង្កើតការងារដល់ពលរដ្ឋជាង៦ពាន់កន្លែង (Video Inside)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន៤ ថ្មីទៀត ដែលមានទុនវិនិយោគសរុបជាង២០លានដុល្លារ និងផ្តល់ការងារជាង៦ពាន់កន្លែងដល់ប្រជាជន ។
សេចក្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី ១៩ធ្នូ ឆ្នាំ២០២២បានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគទាំង៤ រួមមាន១-ក្រុមហ៊ុនហ្វីនីកស៍ ហ្វាស្ហឹន “PHOENIX FASHION (CAMBODIA) GARMENT CO., LTD” ដែលបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។ ក្រុមហ៊ុនដែលបណ្តាក់ ទុនចំនួន៦លានសែនដុល្លារនេះ មានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ និងអាចបង្កើត ការងារបានចំនួន ៣ពាន់៣៥៨កន្លែង។
ក្រុមហ៊ុនទី២ឈ្មោះ-“អរខាស្ហ្មៀរ AW CASHMERE (CAMBODIA) CO., LTD” ដែលបង្កើត រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ។ ក្រុមហ៊ុននេះ បាន បណ្តាក់ទុនវិនិយោគ ៥លាន៣ដែលដុល្លារនិងអាចបង្កើតការងារបានចំនួន ១ពាន់១១៧ កន្លែង។
ក្រុមហ៊ុនទី៣ឈ្មោះ-“ ស៊ូភើឃែន SUPERCAN (CAMBODIA) CO., LTD” បង្កើតរោងចក្រ ផលិតស្បែកជើង ដែលមានទីតាំងវិនិយោគក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ បានបណ្តាក់ទុនវិនិយោគប្រមាណ៥លាន២សែនដុល្លារ និងអាចបង្កើតការងារបានចំនួន ១ពាន់២៦៤កន្លែង។
ក្រុមហ៊ុនទី៤-“ហ្សឹនហ៊្វូ XN FU INDUSTRIAL CO., LTD” បង្កើតរោងចក្រផលិតឆត្រ, អាវ ភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រុមហ៊ុននេះ បានបណ្តាក់ទុនវិនិយោគប្រមាណ ៥លាន១សែនដុល្លារ និងអាចបង្កើត ការងារបានចំនួន ៦៤១កន្លែង៕