ក្លឹបបាល់ឱបក្រសួងការពារជាតិគ្រងតំណែងជើងឯកពានរង្វាន់ 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកស្រី ស៊ុ សុខា ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានអញ្ជើញចូលរួមប្រកាសបិទព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱប 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅពហុកីឡដ្ឋានស្តាតចាស់ ក្រោមការសហការរវាងក្រសួងអប់ររំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ឱបកម្ពុជា។
លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន ១០ ក្រុមក្នុងនោះក្រុមឈុតធំបុរសចំនួន ៥ក្រុម និងក្រុមនារី ចំនួន ៥ក្រុម ចំណែកក្រុមនារីចែកចេញជា ២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបក្រសួងការពារជាតិ នារី ក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក (មកពីក្លិបក្របីព្រៃ) និងក្រុមកីឡាបាល់ឱប អនន្ត នារី (មកពីក្លិប អនន្ត) និង២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក ស៊ីសុវត្ថិអាយុក្រោម ១៦ឆ្នាំ និងក្រុមកីឡាបាល់ឱបបាត់ដំបងនារីអាយុក្រោម១៦ឆ្នាំ។
រីឯក្រុមឈុតធំបុរសចំនួន ៥ក្រុម រួមមានក្រុមកីឡាបាល់ឱបសមាគមន៍កីឡាកងយោធាពលខេមភូមិន្ទនៃក្រសួងការពារជាតិ ក្រុមកីឡាបាល់ឱបក្លិបក្របីព្រៃ ក្រុមកីឡាបាល់ឱបគោជល់ ក្រុមកីឡាបាល់ឱបអនន្ត និងក្រុមកីឡាបាល់ឱបស៊ីសុវត្ថិ។
វិញ្ញាសាក្រុមកីឡាបាល់ឱប (ប្រុសឈុតធំ) មេដាយមាសបានទៅលើសមាគមន៍កងយោធពលខេមរភូមិន្ទ មេដាយប្រាក់បានទៅលើក្រុមកីឡាបាល់ឱបក្របីព្រៃ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាបាល់ឱបព្រះស៊ីសុវត្ថិ។ វិញ្ញាសាក្រុមកីឡាបាល់ឱបនារីអាយុក្រោម២០ឆ្នាំ ក្រុមកីឡាបាល់ឱបក្របីព្រៃ ទទួលបានចំណាត់ថ្នាក់លេខ១ និងក្រុមកីឡាបាល់ឱបនារីអាយុក្រោម១៦ឆ្នាំ ក្រុមកីឡាបាល់ឱបផ្កាឈូក ព្រះស៊ីសុវត្ថិ ចំណាត់ថ្នាក់លេខ១។
លោកស្រី ស៊ុ សុខា បានមានប្រសាសន៍ថា លោកស្រីសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួតឆ្នាំនេះ និងក្រុមកីឡាករ-កីឡាការិនីទំាង១០ ក្រុមដែលបានចូលរួមប្រកបដោយការប្រកួតល្អប្រសើរ និងគោពរច្បាប់ការប្រកួត ។ លោកស្រីសំឡេងឃើញឆ្នាំនេះមានក្រុមកីឡាបាល់ឱបស្រ្តីវ័យក្មេង (ថ្នាល) ក្រោមអាយុ១៦ឆ្នាំនារីជាទិសដៅក្នុងការអភិឌ្ឍនធនធានមនុស្សតាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា ព្រមទំាងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ៕ ចាន់ វិចិត្រ


