គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូប៉ះគ្នាបន្តិចបន្ទួច បុរសជនដៃដល់ម្នាក់ ដកកាំភ្លើងបាញ់មួយគ្រាប់ ទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសជាខ្មាន់កាំភ្លើងម្នាក់ បានដកកាំភ្លើងខ្លីបាញ់ ទៅលើបុរសជនរងគ្រោះមួយគ្រាប់ ចំស្មាបណ្តាលឱ្យរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូប៉ះគ្នាបន្តិចបន្ទួច ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣១BT ត្រង់ចំណុចជាប់របងវត្តសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ ជួបឌុយ អាយុ ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីបុរសម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់ ឃើញបុរសជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ មិនចាំផ្លាកលេខ ជិះតាមបណ្តោយផ្លូវ៣១BT ទិសដៅពីកើតមកលិច គោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសជាខ្មាន់កាំភ្លើង បានជិះម៉ូតូមួគ្រឿង ម៉ាក ZOOMERX មិនចាំផ្លាកលេខ ជិះតាមបណ្តោយផ្លូវ៣១BT ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានជិះជ្រុលចង្កូតទៅប៉ះ និងម៉ូតូជនរងគ្រោះបន្តិចបន្ទួចហើយក៏ទាស់សំដីគ្នា រួចបុរសជនដៃដល់បានដកកាំភ្លើង បាញ់ទៅលើបុរសរងគ្រោះមួយគ្រាប់ចំស្មាដៃខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗតែម្តង។ ចំណែកឯ ជនដៃដល់វិញ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ទើបបង្កឱ្យមានការឆោឡោផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ។

ក្រោយពីពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចក៏ធ្វើការសាកសួរ ទៅកាន់ប្រជាពលរដ្ឋជិតខាង និងបានរើសសម្បកគ្រាប់បានមួយគ្រាប់ ដើម្បីយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងពុនទី១ ធ្វើការស្រាវជ្រាវ រកជនដៃដល់ឃាត់ខ្លួន យកមកចាត់ការតាមនិតិវិធីផ្លូវច្បាប់៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner