អាជ្ញាធររាជធានីភ្នំពេញ ប្រារព្វទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព”នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ភ្នំពេញ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ ធ្នូ ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព” ត្រូវបានប្រារព្វធ្វើឡើងនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃទី២០ធ្នូ២០២២នេះ ក្រោយពីអាក់ខានមិនបានធ្វើអស់រយៈពេល៣ឆ្នាំដោយការរីករាលដាលជម្ងឺកូវីដ-១៩។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ កែវសុខពិសី អភិបាលរងរាជធានីភ្នំពេញតំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសុឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៏។

លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ យោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២១ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើ ស្បែក និងកាមរោគ និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុប នៅរាជធានីភ្នំពេញមានចំនួនប្រមាណ ១៩.៥៣៣ នាក់ ក្នុងនោះអ្នកមកទទួលសេវាប្រឆាំងមេរោគអេដស៍ មានចំនួន ២២.៣៨៦ នាក់។ អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ពី១៥-៤៩ឆ្នាំ មានចំនួន០,៦ %។ រយះពេល៩ខែ ដើមឆ្នាំ ២០២២នេះ បានធ្វើតេស្តរកមេរោគអេដស៏នៅតាមមណ្ឌលសុខភាព មន្ទីរ ពេទ្យបង្អែក និង អង្គការជាដៃគូរបានចំនួន ៦៤ .៩២២ នាក់ HIV + ចំនួន១៣៣០ នាក់ ក្នុង រកឃើញករណីឆ្លងថ្មី តិចជាង ១ឆ្នាំ មាន ១៨ នាក់ ហើយ ៨០ % នៃករណីឆ្លងថ្មី គឺជាក្រុម ប្រជាជនគន្លឹះ និង ដៃគូររបស់ពួកគេ។

លោកសុឹម គឹមសាន បានមានប្រសាសន៍លើកឡើងដែលថា៖ ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព”គឺជាការអំពាវនាវ និងជំរុញឱ្យយើងទាំងអស់គ្នាធ្វើការ សម្រាប់សកម្មភាពជាក់ស្តែងដែលចាំបាច់ ដើម្បីដោះស្រាយវិសមភាព ដោយបង្កើនភាពអាចរកបាននូវ គុណភាព និងភាពស័ក្តិសមនៃសេវាកម្មនានា សម្រាប់ការផ្ដល់ប្រឹក្សា ការធ្វើតេស្ត ការថែទាំព្យាបាល សម្រាប់អ្នកជំងឺអេដស៍គ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរឡើយ។

លោកំទាវ កែវ សុខពិសី ក្នុងឱកាសនោះបានអានសាលិខិតរបស់សម្តេចតេជោហ៊ុន សែន ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លង រីករាលដាលមេរោគអេដស៍ អោយជោគជ័យនៅឆ្នាំ២០២៥ខាងមុខនេះ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner