២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៤ពាន់នាក់​ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ៥៤៩ករណី ដែលកើនឡើងមកវិញចំនួន ១ពាន់ ២៧៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ ។

ប្រទេសអាស៊ានក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ មានតួលេខឆ្លងសរុបប្រចាំថ្ងៃថយចុះជាលំដាប់គួឲ្យកត់សម្គាល់ ។ ការឆ្លងថ្មីកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងមកនេះ បានកើតលើប្រទេសចំនួន ៨ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរីជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេនៅថ្ងៃនេះ ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៧ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦៦នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៣៣នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេផងដែរ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៤៧ម៉ឺន ៣ពាន់ ៦០២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៤ពាន់ ៣១០នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៥៩លានករណី, និងការស្លាប់មានជាង ៦លាន ៦៧ម៉ឺន នាក់ ៕

ads banner