កិច្ចពិភាក្សារវាងតំណាងបាតុករ និងក្រុមហ៊ុនណាហ្គាវើល ស្ថិតក្នុងភាពទ័លច្រក (Video Inside)
កិច្ចពិភាក្សារកដំណោះស្រាយចង់បញ្ចប់ការធ្វើបាតុកម្មរបស់អតីតកម្មករក្រុមហ៊ុនណាហ្គាវើល បានឈានដល់ភាពទ័លច្រកសាជាថ្មីនៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២ ខណៈបាតុកម្មប្រឆាំងដ៏រ៉ាំរ៉ៃនេះ បានអូសបន្លាយរយៈពេលមួយឆ្នាំមកហើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្ងៃទី២១ធ្នូនេះ ក្រសួងដែលជាអ្នកសម្របសម្រួលបានអញ្ជើញ ភាគីកម្មករតំណាងដោយស្ត្រី៣នាក់ និងពីភាគីតំណាងក្រុមហ៊ុនតំណាងដោយស្ត្រី២នាក់ បានជជែករកការដោះស្រាយបញ្ហាសាជាថ្មី ប៉ុន្តែកិច្ចពិភាក្សាមិនអាចរកច្រកចេញបានឡើយ ។
សេចក្តីជូនដំណឹងបញ្ជាក់ថាភាគីកម្មករទាមទារឱ្យយកកម្មករបណ្តេញចូលធ្វើការវិញ ប៉ុន្តែភាគីតំណាងក្រុមហ៊ុនបញ្ជាក់ការមិនទទួលយកឡើយ។ ក្រសួងការងារថ្លែងថាភាគីទាំង២បាន ឯកភាពកំណត់ថ្ងៃប្រជុំពិភាក្សានៅពេលបន្ទាប់ គឺនៅថ្ងៃទី១៧ មករា ឆ្នាំ២០២៣។
ក្រសួងការងារបានថ្លែងជំរុញឱ្យតំណាងភាគីទាំង២យោគយល់គ្នា ដើម្បីឈានរកការបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ។ ក្រសួងការងារបានថ្លែងថា យោងតាមច្បាប់ ប្រសិនបើវិវាទនេះមិនអាចស្វែង រកការដោះស្រាយដោយការផ្សះផ្សាបានទេ នីតិវិធីបន្ទាប់ គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។